ខេត្តបាត់ដំបង៖ ប្រជាកសិករ នៅក្នុងឃុំស្នឹង បានត្អូញត្អែរ អំពីកសិផលរបស់ខ្លួន ក្រោយការច្រូតកាត់ស្រូវបានហើយ មិនមានទីផ្សារសម្រាប់លក់ចេញ ដោយឈ្មួញកណ្តាលបានត្រឹមតែមកមើល តែមិនឲ្យតម្លៃនោះទេ។
ឆ្លើយបតជាមួយបញ្ហានេះ លោកឧកញ៉ា ភួ ពុយ អគ្គនាយក ក្រុមហ៊ុនបៃតងកម្ពុជា បានឱ្យ ប្រជាកសិករទាំងអស់ ដែលកំពុងជួបនូវកង្វះទីផ្សារស្រូវ ហើយដឹកជញ្ជូនស្រូវទៅទីផ្សារ សូមដឹកស្រូវ ទៅក្រុមហ៊ុនបៃតងកម្ពុជាចុះ គឺក្រុមហ៊ុននឹងទទួលទិញ តែបើមានឈ្មួញកណ្តាលណាមកទិញ ដោយឲ្យតម្លៃខ្ពស់ជាងក្រុមហ៊ុនសូមលក់ឲ្យទៅឈ្មួញទាំងនោះទៅ។
លោកឧកញ៉ា ភួ ពុយ បានបញ្ជាក់ថា ដើម្បីរក្សាតម្លៃស្រូវឲ្យមានលំនឹង ទាំងម្ចាស់ផលិតស្រូវ ទាំងអ្នកប្រមូលទិញ ត្រូវរួមគ្នាបង្កើតសហគមន៍អ្នកផលិត សហគមន៍ទីផ្សារ បើទោះបីជាស្រូវមានការកកស្ទះយ៉ាងណាក៏ដោយ ក៏តម្លៃស្រូវមិនមានការប្រែប្រួលនោះដែរ។
លោកឧកញ៉ា បានបន្តបញ្ជាក់ថា បើយើងរៀបចំសហគមន៍ផលិត សហគមន៍អ្នកប្រមូលទិញ មានទីផ្សារច្បាស់លាស់ហើយ អ្នកមានម៉ាស៊ីនច្រូត នឹងត្រូវចងក្រងជាសហគមន៍ច្រូតដោយស្វ័យប្រវត្តិ ព្រោះនៅភូមិ ឃុំ ស្រុកណា ដែលមានស្រូវទុំ ម៉ាស៊ីនច្រូតនៅតំបន់នោះ ត្រូវយកទៅដាក់ឲ្យចំគោលដៅ ។
លោកឧកញ៉ា ភួ ពុយ បានឲ្យដឹងទៀតថា ជាទូទៅពេលដល់រដូវទិញស្រូវម្តងៗ តែងតែមានការកកស្ទះ ហើយក្រៅពីភ្នាក់ងារក្រុមហ៊ុន ដើរប្រមូលទិញនៅតាមតំបន់គោលដៅ ដែលមានសហគមន៍ ប្រជាកសិករ ដែលបានដឹកតាមគោយន្ត ទៅកាន់រោងចក្ររបស់ក្រុមហ៊ុនបៃតងកម្ពុជាផ្ទាល់ ក៏ក្រុមហ៊ុនទទួលទិញយកផងដែរ ការធ្វើបែបនេះ គឺដើម្បីរក្សាបាននូវតម្លៃស្រូវ មិនឲ្យមានការខាតបង់ថវិការបស់ប្រជាកសិករ ក្រោយពេលប្រមូលផលរួច៕ រក្សាសិទ្ធិដោយ ៖ CEN