Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​មាន​ពិការភាព​នៅ​ទូទាំងប្រទេស មិន​ជឿ​លើ​ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម ឱ្យ​រៀបចំ​ទិវា​ជន​មាន​ពិការភាព ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ លោក​ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​លើកឡើងថា សូម​ថ្លែងអំណរគុណ​ចំពោះ​ជន​មាន​ពិការភាព​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មិន​ជឿ​លើ​ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម ឱ្យ​រៀបចំ​ទិវា​ជន​មាន​ពិការភាព ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​ឯម ច័ន្ទ​មករា បាន​ថ្លែងថា ក្នុងនាម​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ និង​លោក​សូម​ថ្លែងអំណរគុណ ចំពោះ​ជន​មាន​ពិការភាព នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជឿទុកចិត្ត​លើ​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​និង​សុខមាលភាពរ​បស់បង​ប្អូន​ជន​មាន​ពិការភាព​ពិតប្រាកដ​។​

​បើទោះបីជា​ឆ្នាំនេះ យើង​មិនបាន​រៀបចំ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​ក្តី ក៏ប៉ុន្តែ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ការលើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា របស់​យើង​នៅតែ​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ ក្នុងទិសដៅ​ធ្វើ​ឲ្យ​ស្ថានភាព​ជន​មាន​ពិការភាព​កាន់​តែមាន​ភាពប្រសើរឡើង ពិសេស​សុខុមាលភាព និង​សុខទុក្ខ​របស់​បងប្អូន​ដែលមាន​ពិការភាព​គឺជា​ការយកចិត្តទុកដាក់​គិតគូរ​ជាប់​ជានិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​
​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ ដូច្នេះ​ពេលវេលា​នេះ មិនមែនជា​ពេលវេលា​ដែល​ល្អ​សម្រាប់​ការរៀបចំ​ជួបជុំគ្នា ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​រាល់ដង​ទេ ព្រោះ​អាចមាន​ហានិភ័យ ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​នេះ នៅលើ​ពិភពលោក កំពុងតែ​មានការ​ព្រួយបារម្ភ​ពី​ការឆ្លង​យ៉ាង​ឆាប់រហ័ស ហើយ​ដែរ​នៅ​ពុំទាន់​មាន​វ៉ាក់សាំង​ការពារ​នៅឡើយ​។​

​យើង​មិនបាន​រៀបចំ​ទិវា​នេះ​ឱ្យមាន​រូបភាព​ធំ​ដូច​ឆ្នាំ​រាល់ដង​មែន ក៏ប៉ុន្តែ​ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​បានចេញ​ព្រះរាជសារ ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ប្រកបដោយ​ក្តី​នឹករលឹក​ស្រឡាញ់​ជាទីបំផុត អំពី​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេច​កី្ត​ថ្លៃថ្នូរ និង​សុភមង្គល និង​ក្នុងនាម​ព្រះមហាក្សត្រ ព្រះអង្គ​បាន​ជូនពរ​ដល់​បងប្អូន​និង​ក្មួយៗ មាន​ពិការភាព​គ្រប់រូប និង​គ្រប់​ក្រុមគ្រួសារ​សូម​មាន​សុខ​ភាពល្អ​សុភមង្គល ជៀស​ផុតពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ ពិសេស​សូម​ជន​មាន​ពិការភាព​ទាំងអស់ ផ្អាក​ការជួបជុំ​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន ដែលមាន​ភាពប៉ិនប្រសព្វ​ឈ្លាសវៃ​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​-១៩​នេះ​។​

​ទន្ទឹមនឹងនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ ពិសេស​ជន​មាន​ពិការភាព​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​សំដែង​នូវ​មនោសញ្ចេតនា​នឹករលឹក និង​ព្រួយបារម្ភ​ពី​សុខទុក្ខ របស់​ជន​មាន​ពិការភាព​ទូទាំងប្រទេស​អស់ពីដួងចិត្ត បើទោះបីជា​ឆ្នាំនេះ រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​រៀបចំ​ប្រារព្ធ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី ២២ និង​អន្តរជាតិ​លើក​ទី ៣៣ យ៉ាង​ឱឡារិក​ទាំង​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ក្តី​ក៏មាន​ការចាត់តាំង មានការ​ចុះសួរសុខទុក្ខ​នៅតាម​មណ្ឌល និង​ទីតាំង​រស់នៅរ​បស់បង​ប្អូន​ជន​មាន​ពិការភាព ព្រោះ​រាជរដ្ឋាភិបាល តែង​យកចិត្តទុកដាក់​មាន​ឆន្ទៈ​មុះ​មុត និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​។ សម្ដេច​តេ​ជោ ហ៊ុន សែន នៃ​កម្ពុជា​ក៏​សូម​លើកទឹកចិត្ត​ឲ្យ​បងប្អូន​ជុំ​ជនរួមជាតិ​ទាំងអស់​រួមគ្នា​បន្ត​លើកស្ទួយ​សុខមាលភាព​ជន​មាន​ពិការភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ជា​ប្រយោជន៍​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។​
​បើតាម​ការគ្រោងទុក ការចុះ​សួរសុខទុក្ខ​បងប្អូន​មាន​ពិការភាព គឺអាច​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ពោលគឺ​រង់ចាំ​ភាពស្ងប់ស្ងាត់​នៃ​ការវិវត្ត​ជំងឺ​កូ​វីដ​១៩​សិន ទើប​ក្រុមការងារ​មាន​ភាពងាយស្រួល​ក្នុងការ​ចុះសួរសុខទុក្ខ​បងប្អូន​ដែលមាន​ពិការភាព​ទៅដល់​ទីកន្លែង​រស់នៅ​ផ្ទាល់​បាន​”​។​
​ខ្ញុំ​សូម​ចាត់ទុក​ការ​បំផុសបំផុល​របស់​អ្នក​ដែលមាន​និន្នាការ​មិន​គាំទ្រ​រាជរដ្ឋាភិបាល ឱ្យមាន​ការជួបជុំ​ក្នុង​ទ្រង់ទ្រាយ​ធំ ពោល​រៀបចំ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​នៅ​ឆ្នាំនេះ គឺជា​រឿង​ញុះញង់​ខុស​ទំនង និង​ខុស​កាលៈទេសៈ ផ្ទុយទៅវិញ គឺជា​ការ​រុញឱ្យ​ជន​មាន​ពិការភាព​ប្រឈម​ហានិភ័យ​គ្រោះថ្នាក់​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ទៅវិញ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×