Maryam al-Balushi ដែលជាអ្នកស្រឡាញ់សត្វមកពី Muscat (Oman) បានចែករំលែកផ្ទះរបស់នាងជាមួយសត្វឆ្មាចំនួន ៤៨០ ក្បាល ដែលក្នុងនោះភាគច្រើនជាសត្វឆ្មាអនាថា និងឆ្កែចំនួន ១២ ក្បាល ដោយត្រូវចំណាយជិត ៨០០០ ដុល្លារក្នុងមួយខែ ទៅលើចំណីអាហារ និងការថែទាំដល់ពួកវា។ មន្ត្រីរាជការចូលនិវត្តន៍អាយុ ៥១ ឆ្នាំរូបនេះ ក៏ត្រូវបានដឹងថា កាលពីមុនអ្នកស្រីមិនចូលចិត្តសត្វនោះទេ ប៉ុន្តែ ពេលនេះ គាត់ហាក់ដូចជាអ្នកស្រឡាញ់សត្វខ្លាំងណាស់។
រឿងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ នៅពេលដែលកូនប្រុសរបស់អ្នកស្រី បានទិញឆ្មាតូចមួយជាសត្វចិញ្ចឹមក្នុងផ្ទះ។ ប៉ុន្តែ នៅពេលនេះ អ្នកស្រី Maryam មិនចូលចិត្តវាទេ។ តែយ៉ាងណា យូរៗទៅ អ្នកស្រី Maryam ក៏បានប្រែចិត្តស្រឡាញ់ឆ្មា រហូតដល់ថ្នាក់សឹងតែពុំចង់ឃ្លាតពីវា។
ក្នុងឆ្នាំ ២០១១ អ្នកស្រី Maryam បានជួបនឹងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយឆ្មារបស់អ្នកស្រី បានជួយអ្នកស្រីឆ្លងកាត់គ្រាលំបាកនោះ។ ប៉ុន្មានឆ្នាំក្រោយមក អ្នកស្រីបានលះបង់ខ្លួនឯង ដើម្បីជួយឆ្មាអនាថា ហើយនាំពួកវាទៅផ្ទះ។
អ្នកស្រីបានប្រាប់ AFP ថា៖ «អ្វីៗទាំងអស់ចាប់ផ្តើមនៅក្នុងឆ្នាំ២០០៨ នៅពេលដែលកូនប្រុសរបស់ខ្ញុំ បានទិញឆ្មាតូច១ក្បាលមកចិញ្ចឹម។ ហើយនៅពេលនោះ ខ្ញុំក៏មិនចូលចិត្តវាទេ។ ប៉ុន្តែ ដោយសារតែកូនប្រុសរបស់ខ្ញុំមិនយកចិត្តទុកដាក់ និងមើលថែវា នៅទីបំផុត ក្តីអាណិតរបស់ខ្ញុំក៏បានចូលវាទាំងស្រុងតែម្តង។ ខ្ញុំបានចាប់ផ្តើមឲ្យចំណីវា ងូតទឹកឲ្យវា និងសូម្បីចំណាយពេលច្រើនជាមួយវាផងដែរ»។
បន្ទាប់មក អ្នកស្រី Maryam មានឆ្មា និងកូនឆ្មា ២៣ ក្បាល។ ប៉ុន្តែ ដោយសារពួកវាមិនបង្កការរំខាន អ្នកស្រីក៏ចង់បានបន្ថែមទៀត ហើយទីបំផុត បានចែករំលែកផ្ទះរបស់អ្នកស្រីជាមួយសត្វឆ្មាជិត ៥០០ ក្បាល។
អ្នកស្រីនិយាយថា៖ «ខ្ញុំចង់ក្រើនរំលឹកដល់សហគមន៍មានក្តីមេត្តាសណ្តោសប្រណីចំពោះសត្វផង។ ព្រោះថាមនុស្សមួយចំនួនមិនចង់ឲ្យពួកវារស់នៅក្នុងផ្ទះរបស់ពួកគេឡើយ។ មិនចង់ឲ្យពួកវាស្និទ្ធនឹងឆ្មារបស់ពួកគេ។ ពួកគេមិនចង់ឲ្យឆ្មាពួកគេនៅក្បែរឆ្មាសំរាម ដូច្នេះសួរថាតើឲ្យពួកវាទៅកន្លែងណា? តើពួកវានឹងស្រេកឃ្លានយ៉ាងណា?»។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់សួរទៅកាន់មនុស្សថា៖ ថាតើផែនដីបានបង្កើតឡើងសម្រាប់តែយើង ឬ ក៏សត្វលោកចែករំលែកផែនដី និងសិទ្ធិរបស់វាជាមួយយើងដែរ?។ ដូច្នេះ សូមផ្តល់ក្តីអាណិតដល់ពួកវាផង ហើយនៅពេលអ្នកធ្វើរឿងនោះៗ អ្នកធ្វើវាឡើងចេញពីសីលធម៌ និងកាតព្វកិច្ចរបស់មនុស្ស ចំពោះភពផែនដីដែលយើងរស់នៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង