ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក បីល ហ្គេត (Bill Gates) នៅតែអាចរក្សាតំណែងជាសេដ្ឋីលេខ១អាមេរិច បាន ២៤ឆ្នាំជាប់គ្នាដដែល ចំនែកទ្រព្យសម្បតិ្តរបស់ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំធ្លាក់ចុះជាង ៦០០លានដុល្លា ដែលធ្វើឲ្យចំណាត់ថ្នាក់របស់គាត់ធ្លាក់ចុះជិត ១០០ខ្ទង់។
បើតាមទស្សនាវដ្ឋីដ៍ល្បីរបស់ពិភពលោក Forbes ដែលបានឲ្យចំណាត់ថ្នាក់សេដ្ឋីអាមេរិចដែលមានទ្រព្យសម្បតិ្តច្រើនបំផុតចំនួន ៤០០នាក់បានបង្ហាញថា លោក បីល ហ្គេតនៅតែជាសេដ្ឋីទី ១របស់អាមេរិច ដោយមានទ្រព្យសម្បតិ្តសរុបប្រមាណ ៨៩ប៊ីលានដុល្លា (៨៩ពាន់លានដុល្លា) ខណៈដែល ប្រធានាធិបតីអាមេរិច បាត់បង់ទ្រព្យសម្បតិ្តអស់ ៦០០ដុល្លា ដោយសល់ទ្រព្យសម្បត្តិសរុបត្រឹម ៣,១ប៊ីលានដុល្លា ធ្វើឲ្យចំណាត់ថ្នាក់គាត់ធ្លាក់មកលេខ ២៤៨ ដែលកាលពីឆ្នាំមុនទទួលបានចំណាត់ថ្នាក់លេខ ១៥៦។
ចំណាត់ថ្នាក់លេខ ២បានទៅលើស្ថាបនិករបស់ក្រុមហ៊ុន Amazon គឺលោក Jeff Bezos ដែលមានទ្រព្យសម្បតិ្តសរុបប្រមាណ ៨១,៥ប៊ីលានដុល្លា ហើយលេខ ៣បានទៅលើលោក Warren Buffett ដែលមានទ្រព្យសម្បតិ្តប្រមាណ ៧៨ប៊ីលានដុល្លា។
ចំនែកទ្រព្យសម្បត្តិរបស់ស្ថាបនិកបណ្តាយសង្គមយក្ស Facebook គឺលោក Mark Zuckerberg មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៧១ប៊ីលានដុល្លា ហើយទ្រព្យសម្បតិ្តយ៉ាងច្រើនបែននេះ ធ្វើឲ្យគាត់ស្ថិតនៅចំណាត់ថ្នាក់លេខ ៤។
បើតាមទស្សនាវដ្ឋីដដែល ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាមេរិចចំនួន ៤០០នាក់រួមបញ្ជូលគ្នាគឺមានចំនួនរហូតដល់ ២,៧ទ្រីលានដុល្លា (២,៧លានលានដុល្លា) ដែលកាលពីឆ្នាំ ២០១៦ ទ្រព្យសរុបមានតែ ២,៤ទ្រីលានដុល្លាប៉ុណ្ណោះ៕ សុភ័ក្ត្រ