ប្រិយមិត្ត និងមហាជនជាច្រើនបានស្គាល់រួចហើយ ពីតារាសម្តែង និងចម្រៀងស្រីមានសំឡេងស្រទន់ អ្នកនាង សឿ សុធារ៉ា ដែលជាភរិយាតារាចម្រៀងប្រុសម្ចាស់បទ «Dans Ce Cafe» លោក សាពួន មីដាដា។
អ្នកនាង សឿ សុធារ៉ា ត្រូវបានដឹងថា បានវិលចូលសិល្បៈវិញនៅក្នុងអំឡុងខែសីហាឆ្នាំ២០២០នេះ ក្រោយបាត់មុខពីសិល្បៈអស់រយៈពេល១១ឆ្នាំ។ ប៉ុន្តែ ទន្ទឹមនឹងការវិលចូលសិល្បៈវិញនៅពេលនេះផងដែរ ក៏ត្រូវបានមជ្ឈដ្ឋានមហានជនបានដាក់ការការសង្ស័យថា សុធារ៉ា ដែលធ្លាប់លេចឮមានភាពរកាំរកូស ជាមួយប្តីជាច្រើនលើកច្រើនសាផងដែរនោះ បើទោះជាមានជីវិតគ្រួសារធូរធារ អាចថានាង និងប្តីមានរឿងជាមួយគ្នាសាជាថ្មី។ ជាការគួរឲ្យកត់សម្គាល់បន្ថែម រវាង សឿ សុធារ៉ា និងលោក សាពួន មីដាដា ក៏ហាក់មិនបានផ្តល់ភាពផ្អែមល្ហែម បណ្តើរគ្នាដូចពីមុន ពេលទៅចូលរួមកម្មពិធីនានាដូចមុនឡើយ។
ដោយឡែក កាលពីពេលថ្មីៗនេះ អ្នកនាង សឿ សុធារ៉ា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ខណៈសុខៗ អ្នកនាងបានបង្ហាញសញ្ញាបាក់បែកជីវិតគូ ជាមួយលោក សាពូន មីដាដា។ បើទោះជាមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់ថា តើចំណងជាប្តីប្រពន្ធរបស់ពួកនាង ពិតជាដល់ផ្លូវបំបែកជាការពិត ឬ យ៉ាងណា? ប៉ុន្តែ សឿ សុធារ៉ា បានប្រកាសជាសាធារណៈ ពីការបរាជ័យស្នេហាជាលើកដំបូង។
ជាក់ស្តែង សឿ សុធារ៉ា បានបង្ហោះសារប្លែកមួយនៅលើគណនីហ្វេសប៊ុកឈ្មោះ Sapoun Darapemaen កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «ថ្វីបើខ្ញុំបរាជ័យរឿងស្នេហាជាលើកទី1ទៅហើយ តែជេនីគាត់បរាជ័យស្នេហាចំនួន7ដង ទើបបានជួបស្នេហ៍ស្មោះ ពិតមានន័យផ្អែមកក់ក្តៅបែបនេះ ឱ តើខ្ញុំនៅមានសង្ឃឹមទេ?»។
តាមរយៈសារដ៏កម្រខាងលើនេះផងដែរ ឃើញថាបានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗរបស់អ្នកនាង ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង និងបានជជីកសួរនាំរឿងហេតុ។ តែយ៉ាងណា សឿ សុធារ៉ា មិនបានឆ្លើយតបណាមួយ ចំពោះការខមិនសួរនាំរបស់ពួកគេនោះទេ។ ទោះជាបែបណា ក្នុងនោះ គេក៏សង្កេតឃើញមានអ្នកសិល្បៈមួយចំនួន បានចូលខមិនលើកទឹកចិត្ត ឲ្យអ្នកនាងតស៊ូ និងរឹងមាំឡើង ព្រោះថា រឿងបែបនេះ មិនមែនកើតឡើងតែទៅលើរូបអ្នកនាងឡើយ។
គួរបញ្ជាក់ផងដែរថា គូស្វាមីភរិយាដែលជា តារា សិល្បៈ ២ដួង លោក សាពូន មីដាដា និង តារា ស្រីអ្នកនាង សឿ សុធារ៉ា បានរៀបការនឹងគ្នាកាលពីឆ្នាំ២០០៩ ហើយពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃ អាពាហ៍ពិពាហ៍កូនប្រុសស្រី២នាក់ ដោយកូនស្រីច្បងអាយុ ៧ ឆ្នាំ និងកូនប្រុសប្អូនអាយុ ៣ ឆ្នាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង