ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ករណីឆ្លងជំងឺ Covid-19 ចូលក្នុងសហគមន៍ជាលើកដំបូង ២៨ វិច្ឆិកា ឃើញថាបានកើនឡើងជារៀងរាល់ថ្ងៃគួរឲ្យព្រួបារម្ភជាខ្លាំង។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង Covid-19 ចំនួន ១០ នាក់បន្ថែមទៀត ក្នុងនេះមាន ៦ ករណីជាបុគ្គលិកហាង Pedro និង ៤ ករណី គឺជាអ្នកដំណើរនាំចូល។
តែទោះយ៉ាងណា នៅព្រឹកទី៥ ខែធ្នូនេះ ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺយ៉ាងហោច ១ នាក់ ឱ្យបានជាសះស្បើយផងដែរ ដែលអ្នកឆ្លងនោះគឺជាស្ត្រីខ្មែរឈ្មោះ គឹម លីម អាយុ ៤៩ ឆ្នាំ រស់នៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានធ្វើដំណើរមកពីអាមេរិក និងបានបន្តជើងហោះហើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។
ទន្ទឹមនេះផងដែរ គេក៏បានប្រទះឃើញនារីម្នាក់ដែលបានឆ្លង Covid-19 ខណៈកំពុងត្រូវបានដាក់នៅដាច់ដោយឡែក បាន Live វីដេអូផ្ញើសារផ្តាំដល់មហាជនឲ្យចេះថែខ្លួនផង និងកុំមានការរើសអើងចំពោះអ្នកដែលបានឆ្លង ព្រោះថាពួកគេក៏ពុំដឹងថាមេរោគនេះឆ្លងតាមរបៀបណានោះទេ។ ដោយក្នុងនោះ នាងបានរៀបរាប់ពីស្ថានភាពនៅពេលនេះយ៉ាងដូច្នេះថា អ្នកទាំងអស់គ្នា សូមថែរក្សាអនាម័យឲ្យបានល្អ បើដឹងថាខ្លួនមានការពាក់ព័ន្ធនឹងអ្នកជំងឺនេះ ឬ មានអាការៈខុសប្លែកពីធម្មតា សូមប្រញាប់ប្រញាល់ទៅធ្វើតេស្ត ដើម្បីកុំឲ្យខ្លួនយើងចម្លងដល់អ្នកដទៃ។
ក្នុងនោះ ជាដំបូង នាងក៏បានសុំការអភ័យទោសពីមនុស្សនៅជុំវិញខ្លួន ជាពិសេសអ្នកធ្លាប់ប្រាស្រ័យផ្ទាល់ជាមួយ ព្រោះថារូបនាងពុំបានដឹងថាខ្លួនឯងនាងបានឆ្លងជំងឺនេះ ហើយក៏គ្មានចេតនាចម្លងជំងឺនេះដែរ។ នាងក៏បានណែនាំឲ្យបងប្អូនដែលមានសុខភាពខ្សោយដូចជារូបនាង ត្រូវពង្រឹងការហាត់ប្រាណ និងគួរជៀសវាចេញខាងក្រៅជុំវិញ ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនដឹងថាខ្លួនមានផ្ទុកជំងឺនេះ គឺត្រូវទទួលយកការឃុំខ្លួនឯងឲ្យនៅដាច់ដោយឡែក ហើយកុំមានការភ័យតក់ស្លុត ត្រូវតាំងស្មារតី មើលថែរក្សាខ្លួនឯងឲ្យបានច្រើន ព្រោះថាការមកឃុំខ្លួននេះ គឺចាត់ទុកដូចមកសម្រាកវិស្សមកកាលមួយរយៈអ៊ីចឹងដែរ និងទទួលយកនូវបទពិសោធន៍លើខ្លួនឯងបន្ថែមទៀត។
នាងក៏បានប្រាប់ឲ្យបងប្អូនបានដឹងអំពីអការបន្ទាប់ឆ្លង Covid-19 នេះឲ្យដឹងថា ដំបូងឈឺកក្អក ចុករ៉ូយ និងក្តៅខ្លួនហាក់ដូចផ្តាសាយធំ ហើយបន្ទាប់មក លេចចេញអាការចុកឆ្អល់ពោះ (របៀបចង់រាគ ប៉ុន្តែ មិនជារាគរូសខ្លាំងណាស់ណានោះទេ)។ បន្ទាប់មកទៀត រំលងបានប៉ុន្មានថ្ងៃ ក៏ចាប់ផ្តើមចុករ៉ូយខ្លាំងពីលើដល់ក្រោម (ពីស្មារហូតជើង) ហើយកម្តៅក្នុងខ្លួនក៏ចាប់ផ្តើមឡើងខ្លាំងភ្លាមៗ ប៉ុន្តែ ឡើងចុះៗមិនស្ថិតស្ថេរនោះទេ ហើយចាប់តាំងពីពេលនោះមក នាងក៏បានព្យាយាមរក្សាខ្លួនឯងនៅដាច់ឆ្ងាយពីគេផងដែរ។
ជាមួយគ្នានេះផងដែរ នាងក៏បានអំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមកុំរើសអើង កុំប្រើពាក្យសម្តីដែលបំបាក់ទឹកចិត្ត និងផ្ទុយមកវិញ គួរតែមានការលើកទឹកចិត្តដល់ពួកគេជាការល្អជាង។ ព្រោះថា បើអ្នកទាំងអស់គ្នាដែលនៅជុំវិញ ជាអ្នកសម្លាប់ទឹកចិត្តទៅវិញនោះ ជាហេតុធ្វើឲ្យពួកគេលែងចង់ខ្វល់ខ្វាយពីខ្លួនឯងកាន់តែខ្លាំងឡើង។
ក្រោយពីបានឮបែបនេះ មហាជនជាច្រើនពិតជាសម្តែងនូវក្តីក្តុកក្តួលជាខ្លាំង និងក៏បានលើកទឹកចិត្តជូនពរឲ្យនាងឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង