Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺ​កូ​វីដ​១៩ ៖ អ្នកសារព័ត៌មាន​មួយចំនួន​តូច បាន​ឆ្លៀតឱកាស​ប្រើ​វិជ្ជាជីវៈ ប្រាសចាក​ក្រមសីលធម៌ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែងបន្លំ នាំឱ្យ​សាធារណជន​យល់​ខុស

​ភ្នំពេញ​៖ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ កំពុង​រីក​រាលដាល​ចូលក្នុង​សហគមន៍ ក៏មាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច បាន​ឆ្លៀតឱកាស​ប្រើ​វិជ្ជាជីវៈ ប្រាសចាក​ក្រមសីលធម៌ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែងបន្លំ នាំឱ្យ​សាធារណជន​យល់​ខុស និង​មានការ​សង្ស័យ​លើ​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច បង្កឱ្យមាន​ភាពភ័យខ្លាច ច្របូកច្របល់ រំខាន​ដល់​ការអនុវត្ត​តួនាទី​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ហើយ​ក្រសួង​ព័ត៌មាន​បានស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់ ដោយ​មិនបាច់​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន​ជាមុន​ឡើយ​។​

​នៅ​ថ្ងៃទី 7 ខែធ្នូ​ឆ្នាំ 2020 នេះ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន បាន​សង្កេតឃើញថា ក្នុងអំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុវត្ត​វិធានការ​នានា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ មាន់​អ្នកសារព័ត៌មាន​មួយចំនួន​តូច មិនបាន​បំពេញ​តួនាទី​ស្របតាម​វិជ្ជាជីវៈ​របស់ខ្លួន ធ្វើជា​ស្ពាន​ចម្លង​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​មកកាន់​រដ្ឋាភិបាល និង​ពី​រដ្ឋាភិបាល​ទៅកាន់​ប្រជាពលរដ្ឋ​នោះទេ តែ​បែរជា​ឆ្លៀតឱកាស​ប្រើ​វិជ្ជាជីវៈ ប្រាសចាក​ក្រមសីលធម៌ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែងបន្លំ នាំឱ្យ​សាធារណជន​យល់​ខុស និង​មានការ​សង្ស័យ​លើ​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច បង្កឱ្យមាន​ភាពភ័យខ្លាច ច្របូកច្របល់ រំខាន​ដល់​ការអនុវត្ត​តួនាទី​របស់​អាជ្ញាធរ មាន​សមត្ថកិច្ច ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ ការទទួលយក​សំណូក ឬ​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការមិន​ផ្សព្វផ្សាយ ឬ​លុប​ព័ត៌មាន ដែលជា​ប្រការ​មួយ រំលោភ​យ៉ាងធ្ងន់ធ្ងរ​ខាង​ផ្នែក​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន ដែល​មិនអាច​ទទួលយកបាន​។​

​ដើម្បី​លុបបំបាត់​ភាព​អសកម្ម​របស់​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​តូច ដែល​គ្មាន​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន សូមបញ្ជាក់​ជូន​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជ្រាបថា ក្នុង ករណី​បុគ្គល​ណា​ដែល​រង​ផលប៉ះពាល់​ពី​បញ្ហា​ដូច​មាន​ជម្រាបជូន​ខាងលើ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន គាំទ្រ​ឱ្យ​បុគ្គល​នោះ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ស្របតាម​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់ ដោយ​មិនបាច់​ជូនដំណឹង​មក​ក្រសួង​ព័ត៌មាន​ជាមុន​ឡើយ​។​

​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ភាគច្រើន​លើសលប់ ដែល​បាន​ខិតខំ​បំពេញ ការងារ​របស់ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុង​ការយក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ព័ត៌មាន ពិត​ជូន​សាធារណជន និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក រាលដាល​នៃ​ជំងឺ​រាតត្បាត ដើម្បី​សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×