Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិព្រូដិនស៍ ដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS D-Tech លើកទីពីរ ដើម្បីស្វែងរកបចេ្ចកវិទ្យា ក្នុងការពង្រឹងសមត្ថភាពសង្គ្រោះអាយុជីវិតទប់ទល់នឹងគ្រោះមហន្តរាយ

spot_img

ម្ចាស់ជ័យលាភីនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ឱកាសក្នុងការទទួលបានវគ្គបណ្តុះបណ្តាលជំនាញ និង ការបង្កើតបណ្តាញទំនាក់ទំនង ដើម្បីពង្រីកដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ។

ទីក្រុងហុងកុង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo នៅថ្ងៃនេះបានដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ ។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដើម្បីស្វែងរក ផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ។

តាំងពីឆ្នាំ ២០០០ គ្រោះមហន្តរាយពិភពលោកច្រើនជាង ៤០ ភាគរយ បានកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៨ សែននាក់ និងប៉ះពាល់ដល់មនុស្ស ៣.២ ពាន់លាន នាក់ ។ ក្នុងឆ្នាំនេះ ជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ១១ លាននាក់ ហើយរំពឹងថានឹងបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ២,៧ ពាន់ពាន់លានដុល្លារ បានបង្ហាញពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការនៅគ្រប់វិស័យក្នុងការកាត់បន្ថយការគំរាមកំហែង និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
កម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើងដោយមូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរឡើង។ ពានរង្វាន់នេះគឺជាផ្នែកមួយនៃកម្មវិធី SAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹងទូលំទូលាយដែលត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ និងគាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មានស្ដីអំពីការសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម។

អង្គការដែលចូលរួមក្នុងកម្មវិធីនេះនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកប្រតិបត្តិការលើដំណោះស្រាយបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។ អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលនិងបទពិសោធន៍ពីអ្នកជំនាញ និងឱកាសបង្កើតទំនាក់ទំនងជាមួយអ្នកតំណាងអង្គការមនុស្សធម៌ អ្នកគ្រប់គ្រងមូលនិធិមូលធនបណ្តាក់ទុន សហគ្រិនផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតសហគ្រាសសង្គម។ អ្នកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការ នាខែមិថុនា ឆ្នាំ ២០២១ ។

គម្រោង EWS 1294 របស់អង្គការ People In Need នៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើសចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់កាលពីឆ្នាំមុន ដោយមានការទទួលស្គាល់លើនាឡិកាវាស់កម្រិតទឹកស្វ័យប្រវត្តិ ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នាឡិកាវាស់កម្រិតទឹកទាំងអស់នេះ កំពុងបន្តកត់ត្រាកម្រិតទឹក និងផ្ដល់សារដាស់តឿនដល់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរួចឱ្យមានការប្រុងប្រយ័ត្ន នៅពេលទឹកឡើងហួសកម្រិតសុវត្ថិភាព។

លោក Donald Kanak នាយក មូលនិធិព្រូដិនស៍ មានប្រសាសន៍ថា៖ «ជំងឺរាតត្បាតជាសកល កូវីដ 19 ដែលកំពុងកើតឡើង បានបង្កើនការយល់ដឹងអំពីតម្រូវការចាំបាច់ សម្រាប់ការត្រៀមបង្ការគ្រោះមហន្តរាយ និងឥទ្ធិពលផ្នែកបច្ចេកវិទ្យាក្នុងការពង្រឹងសមត្ថភាព ការឆ្លើយតប និងការស្តារឡើងវិញ។ យើងបានបង្កើតកម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះឡើង ដើម្បីជំរុញទឹកចិត្តដល់សហគ្រិននៅទូទាំងពិភពលោកឱ្យខិតខំប្រឹងប្រែង និងផ្តោតភាពប៉ិនប្រសប់របស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ។ យើងជឿជាក់ថា កម្មវិធីបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) នេះ មានសក្តានុពលដែលអាចផ្ដល់អត្ថប្រយោជន៍ធំធេង និងមានឥទ្ធិពលដូចនឹងវិស័យបច្ចេកវិទ្យាផ្សេងទៀតដូចជា បច្ចេកវិទ្យាការអប់រំ បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត ផងដែរ។»
លោក Alexander Metheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធ IFRC មានប្រសាសន៍ថា៖«ឆ្នាំ២០២០ បានបង្ហាញយើងឱ្យឃើញថា ការពង្រឹងសមត្ថភាពទប់ទល់ នឹងគ្រោះមហន្តរាយមានសារៈសំខាន់ ជាងពេលណាៗទាំងអស់។ សហព័ន្ធ IFRC រីករាយដែលបានធ្វើការជាមួយមូលនិធិព្រូដិនស៍ម្ដងទៀតលើកម្មវិធីពានរង្វាន់ SAFE STEPS D-Tech ដើម្បីនាំយកអាជីវកម្ម និងសហគមន៍ មករួមគ្នាក្នុងការគាំទ្រដល់ដំណោះស្រាយបច្ចេកវិទ្យា ដែលនឹងជួយសង្គ្រោះអាយុជីវិតមនុស្ស។»

លោកស្រី Pratima Harite នាយកផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ «បច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យប្រសើឡើងនូវការពង្រឹងសមត្ថភាពនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រុមហ៊ុន Lenovo មានគោលបំណងដាក់បញ្ចូលគ្នានូវឥទ្ធិពលនៃដំណោះស្រាយបច្ចេកវិទ្យាលំដាប់ពិភពលោកជាមួយនឹងការច្នៃប្រឌិត និងបទពិសោធរបស់សហគ្រិនក្នុងស្រុក និងអង្គការសប្បុរសធម៌ ដើម្បីសម្រេចបាននូវការត្រៀមរៀបចំ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរ»។

កម្មវិធីពានរង្វាន់នេះត្រូវបានគាំទ្រដោយដៃគូយុទ្ធសាស្ត្រជាច្រើនរួមមាន Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee និងកម្មវិធី National Geographic។
ការប្រកួតប្រជែងនេះចាប់ផ្ដើមទទួលយកពាក្យចូលរួមចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្វែងរកប្រាក់ចំណេញអាចដាក់ពាក្យស្នើរសុំចូលរួមបាន។ ព័ត៌មានលម្អិតអំពីពាក្យសុំ លក្ខណៈវិនិច្ឆ័យ ពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាននៅទីនេះ៕រក្សាសិទ្ធិដោយ៖CEN

ទំនាក់ទំនង ព័ត៌មាន
ក្រុមហ៊ុន ព្រូដិនសល អាស៊ី / មូលនិធិព្រូដិនស៍
Ee Ching Tan Kitty Liu
Director, Corporate Affairs Regional Manager, Corporate Affairs
Email: ee.ching.tan@prudential.com.hk Email: kitty.yk.liu@prudential.com.hk

ក្រុមហ៊ុន Lenovo ប្រចាំអាស៊ី បាស៊ីហ្វិច
Geneviève Hilton Jacinth Chen
Head of Communications Asia Pacific Senior Manager, Communications, Asia Pacific
Email: ghilton@lenovo.com Email: jchen68@lenovo.com

វីដេអូការផ្សព្វផ្សាយ អាចរកបាន នៅទីនេះ – សេចក្តីណែនាំ អំពីពានរង្វាន់ SAFE STEPS D-Tech Awards នៅទីនេះ

spot_img
×