កាលពីពេលថ្មីៗនេះ មានរឿងក្តៅមួយបានផ្ទុះឡើង ពីសារបែកធ្លាយជុំវិញការឆ្លើយឆ្លងឆាត ទំនាក់ទំនងស្នេហាដ៏ស៊ីជម្រៅរវាងតារាចម្រៀង និងសម្តែងស្រីកញ្ញា ប៉ាត់ សុធារ៉ា (គឺជាជនទី៣) និងអតីតពិធីករលោក លាន អាព្រីលគីនីន ដែលបច្ចុប្បន្នមានងារជាឧកញ៉ា ដែលមានភរិយាស្របច្បាប់រួចហើយ គឺអតីតតារាសម្តែងអ្នកនាង កែវ វលក្ខណ៍ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
ជាការពិតណាស់ សំណេរដែលបានបែកធ្លាយនេះ ដែលបង្ហាញថា ប៉ាត់ សុធារ៉ា ជាស្រីកំណាន់របស់លោក លាន អាព្រីលគីនីន ពោលគឺមិនខុសពីប្រពន្ធចុងកំពុងលួចលាក់ ជាហេតុធ្វើឲ្យជីវិតប្តីប្រពន្ធរវាងអ្នកនាង កែវ វលក្ខណ៍ និងលោក អាព្រីលគីន មានភាពរង្គោះរង្គើ។
តែទោះយ៉ាងណា នៅពេលនេះ កញ្ញា ប៉ាត់ សុធារ៉ា បានចេញវីដេអូធ្វើការបកស្រាយ និងក៏ដូចឲ្យសារព័ត៌មានបានជ្រាបច្បាស់ថា សំណេរឆាតឆ្លើយឆ្លងទំនាក់ទំនងទាំងនេះ គឺបានកើតឡើងតាំងពីរយូរមកហើយ ប៉ុន្តែ ធាតុពិតសម្រាប់ពេលនេះ គឺរូបនាងពុំមានទំនាក់ទំនងអ្វីជាមួយលោក លាន អាព្រីលគីនីន ទៀតឡើយ ដោយនាងបានអះអាងថា បានផ្តាច់គ្នាតាំងពីខែ៩ (កញ្ញា) មកម្ល៉េះ ដោយសារតែពុំអាចទ្រាំទ្រនឹងការប្រើអំពើហិង្សាពីអតីតពិធីកររូបនេះតទៅទៀតបាន។
តាមរយៈការឡាយវីដេអូរយៈពេល ១៤ នាទី ខណៈធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៧ ខែធ្នូ ប៉ាត់ សុធារ៉ា បានសារភាពថា រវាងនាង និងលោក អាព្រីន គីនីន គឺពិតជាមានទំនាក់ទំនងនឹងគ្នាមែន (មិនប្រកែកទេ) ប៉ុន្តែ ដោយសារតែលោក គីនីន ជាមនុស្សប្រុសតែងតែប្រើអំពើហិង្សាវាយធ្វើបាបឥតឈប់ឈរ ជាហេតុធ្វើឲ្យរូបនាងទ្រាំពុំបាន ក៏បានសម្រេចចិត្តដើរចេញ និងបានផ្តាច់ទំនាក់ទំនងជាមួយលោក អាព្រីន គីនីន ហ្នឹងតាំងពីខែ៩ (កញ្ញា) មកម្ល៉េះ ពោលគឺបានចាប់ផ្តើមមានរឿងឈ្លោះគ្នាតាំងពីខែ៦(មិថុនា)។
សុធារ៉ា នាងក៏បានបញ្ជាក់ឲ្យដឹងថា រឿងរ៉ាវនេះ រូបនាងបានសុំបញ្ចប់ជាមួយខាងគ្រួសារលោក លាន អាព្រីលគីនីន រួចហើយ ប៉ុន្តែ ប្រសិនបើភរិយារបស់លោកនៅបន្តបង្ហោះហែកហួរ ក៏បង្ហោះចុះ។ ប៉ុន្តែ នាងសុំជម្រាបប្រាប់ថា នាងបានដាក់ពាក្យបណ្តឹងទៅកាន់ភរិយាលោក អាព្រីន គីនីន រួចហើយ ហេតុនេះ ប្រសិនជារូបនាងមានរឿងហេតុអ្វី ឬ មកវាយធ្វើបាបនាងទៀត នាងនឹងធ្វើទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង