Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណែនាំដល់មន្ត្រី ទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីជួយដល់ការអភិវឌ្ឍន៍កម្ពុជា

ទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំដល់មន្ត្រីដែលកំពុងបំពេញការងារនៅអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ប្រឹងប្រែងបំពេញការងារទាញយកផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនានា ដើម្បីជួយដល់ការអភិវឌ្ឍន៍កម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងដំណើរបេសកកម្មអញ្ជើញមកចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ បានឆ្លៀតឱកាសដ៏មានតម្លៃជួបសំណេះសំណាលជាមួយ លោក ពេជ ឫទ្ធី អគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍ និងមន្រ្តីទាំងអស់ នៃស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីស្ថានបេសកកម្មអចិន្ដ្រៃយ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយជោគជ័យ ក្នុងពេលកម្ពុជា ជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រយៈពេល ១ ឆ្នាំកន្លងមក ដែលនេះជាកិត្តិយសដ៏ឧត្តុង្គឧត្តម្ភរបស់កម្ពុជាលើឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះលោករដ្ឋមន្រ្តី ក៏បានមានមតិណែនាំឲ្យមន្រ្តីនៃស្ថានបេសកកម្មទាំងអស់ខិតខំបំពេញការងារបន្តទៀត ដើម្បី​ទាញ​យក​ផលប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍​កម្ពុជា ឲ្យស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងសមាហរណកម្មពិភពលោក។ លើសពីនេះទៀតលោករដ្ឋមន្រ្តី បានណែនាំឲ្យមន្រ្តីនៃស្ថានបេសកកម្មអចិន្រ្តៃយ៍ទាំងអស់ឲ្យសហការគ្នា ក្នុងការអនុវត្តន៍តួនាទី និងសកម្មភាពការងាររបស់ខ្លួនទាំងក្នុងនិងក្រៅស្ថាប័ន ដើម្បីធានានូវប្រសិទ្ធភាពការងារ និងការពារផលប្រយោជន៍ជាតិ ៕ ដោយ៖បញ្ញាស័ក្តិ

×