ភ្នំពេញ៖ អាជីវកម្មមួយចំនួន នៅរាជធានីភ្នំពេញ ហាក់មានសភាពស្ងប់ស្ងាត់ ដោយសារតែការភ័យខ្លាចពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ជាបន្តបន្ទាប់។ ការភ័យខ្លាច ដែលបង្កដោយវីរុសកូវីដ១៩ បានធ្វើឱ្យអាជីវកម្មនានា ទាំងធំ និងតូច មានការធ្លាក់ចុះ។
ជាក់ស្តែងបើទោះបីជាមានការអនុញ្ញាតិឱ្យបើកដំណើរឡើងវិញ ក៏ដោយ ក៏ផ្សារទំនើបអ៊ីអនម៉ល ក៏បានបង្ហាញពីសភាពស្ងប់ស្ងាត់ និងធ្លាក់ចុះចំនួនអតិថិជនផងដែរ ខណៈអាជីវកម្មលក់ដូរនានា នៅតាមបណ្តាផ្សារជាច្រើននៅទូទាំងរាជធានីភ្នំពេញ ក៏កំពុងតែរងផលប៉ះពាល់ដូចគ្នានេះដែរ។
អាជីវករមួយរូប បានបង្ហាញថា ចំនួនអតិថិជន មានការធ្លាក់ចុះ ខុសពីពេលមុន ក្នុងផ្សារមានសភាពស្ងប់ស្ងាត់ ប្រជាជនភ័យខ្លាច មិនហ៊ានទៅទិញទំនិញ ខណៈចំណូលរបស់ពួកគាត់ក៏មានការធ្លាក់ចុះ ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។
លោកបញ្ញា ម្ចស់តូបលក់ខោអាវក្នុងផ្សារ បានអះអាងថា៖ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អតិថិជនមានការធ្លាក់ចុះ។ ទីផ្សារទាំងមូលហាក់មានសភាពស្ងប់ស្ងាត់ ហើយអ្នកលក់ដូរទាំងអស់កំពុងព្រួយបារម្មណ៍ខ្លាចបាត់បង់ចំណូលរបស់ពួកគាត់។ ការលក់ គឺធ្លាក់ចុះប្រមាណជាង ៦០ ភាគរយ។ លោកបានបញ្ជាក់ពីមូលហេតុ ដែលចំនួនអតិថិជនមានការធ្លាក់ចុះថា ដោយសារតែមានព័ត៌មាន ដែលបានបង្ហាញ ពីចំនួន អ្នកធ្វើតេស្តវិជ្ជមាន កំពុងតែកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឱ្យមានការព្រួយបារម្ភអំពីករណីឆ្លងនៃវីរុសកូវីដ១៩ ហើយអតិថិជនមិនហ៊ានមកទិញទំនិញដូចមុន។ លោកបានបន្ថែមថា ទោះបីយ៉ាងណា លោកនៅតែបន្តសកម្មភាពអាជីវកម្មលក់ដូច ដើម្បីបានប្រាក់ចំណូលយកទៅផ្គត់ផ្គង់គួ្រសារ ទោះខ្លាចជំងឺកូវីដ១៩ក៏ដោយ។
លោកបន្តឱ្យដឹងទៀតថា នៅក្នុងផ្សារ លោកសង្កេតឃើញថា មានប្រជាជន ពាក់ម៉ាស់ និងរបាំងមុខដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនឃើញមានការវាស់សីតុណ្ហភាព ឬការរក្សាគម្លាតសង្គមនៅឡើយទេ ខណៈផ្សារមានទំហំតូច ជាកត្តាដែលធ្វើឲ្យអតិថិជនមានការភ័យខ្លាច។ លោកបានសំនូមពរឱ្យអ្នកគ្រប់គ្រងផ្សារ រៀបចំឱ្យមានការវាស់កម្តៅ មានអាល់កុលឬជែលសម្រាប់លាងដៃនៅគ្រប់ទីតាំង និងកំណត់គំនូសសញ្ញាគម្លាតសង្គមក្នុងផ្សារ ដើម្បីរក្សាសុវត្ថិគម្លាតសង្គមដល់អតិថិជន។
គួរបញ្ជាក់ថា ការណែនាំរបស់ក្រសួងពាក់ព័ន្ធ បានឱ្យប្រជាជនកម្ពុជាទាំងអស់ ត្រូវតែសម្របខ្លួន ទៅនឹងរបៀបរស់នៅថ្មី នោះអាជីវកម្ម នឹងដំណើរការជាធម្មតា ក្នុងសភាពតាមបែបគន្លងថ្មី។ គឺអ្នកដើរទិញទំនិញនានា ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ លាងសម្អាតដៃពួកគេជាប្រចាំ និងអនុវត្តគម្លាតសង្គម យ៉ាងហោចណាស់ ឱ្យបាន១ម៉ែត្រកន្លះ ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល៕រក្សាសិទ្ធិដោយ៖CEN