ភ្នំពេញ៖ ដូចដែលប្រិយមិត្តដឹងហើយ បើទោះជាមានលុយវាល់លានយ៉ាងណា តែជីវិតគ្រួសាររបស់សេដ្ឋីស្រុកខ្មែរអ្នកឧកញ៉ា គិត ម៉េង និងភរិយាលោកជំទាវ ស្រី តូចចំណាន ហាក់មានភាពសាមញ្ញ ប៉ុន្តែពោរពេញទៅដោយសុភមង្គលគួរឲ្យកោតសរសើរជាខ្លាំង។
ពិតមែនហើយ មហាជនក៏តែងតែចាប់អារម្មណ៍ ចំពោះរូបភាពពោរពេញដោយភាពផ្អែមល្ហែម និងយ៉ាងមានសុភមង្គលពីជីវិតគ្រួសារអ្នកទាំងពីរ ដែលតែងត្រូវបានចែករំលែកនៅលើបណ្តាញសង្គមជារឿយៗ។
ដោយឡែក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះផងដែរ ដែលជាឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពពោរពេញដោយសេចក្តីសុខជាមួយភរិយា និងក្រុមគ្រួសារទាំងមូល និងភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងជ្រាលជ្រៅ ជាពិសេសទៅកាន់ភរិយាជាទីស្រឡាញ់ថា៖ «ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព»។
ទន្ទឹមនោះផងដែរ គេក៏បានឃើញហ្វេនៗជាច្រើន ក្រោយពីបានអានសារពោរពេញដោយអត្ថន័យជ្រាលជ្រាលនេះរួច ហាក់មានចិត្តលួចច្រណែននឹងជីវិតគូស្វាមីភរិយាមួយនេះ និងក៏ដូចជាសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង