ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានត្រួតពិនិត្យផ្ទាល់ប្រឡងលើកទី៣៤ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect កាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២០។
ការរៀបចំការប្រឡងលើកទី៣៤ តាមប្រព័ន្ធអនឡាញ សម្រាប់វគ្គ FSI Connect មានសិក្ខាកាមចូលរួមចំនួន ៨៥រូប ដែលក្នុងនោះមានមន្ត្រីចំនួន ១២រូប បានបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន ៥រូប បានបញ្ចប់កម្រិតមធ្យម និង ៦រូបបញ្ចប់កម្រិតបឋម។
វគ្គសិក្សាតាមប្រព័ន្ធអនឡាញនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិនៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlement – BIS) ដែលមានស្នាក់ការកណ្តាលនៅប្រទេសស្វ៊ីស ហើយមានធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុសាធារណៈជាង៣០០ នៅលើពិភពលោក។
គួរបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ដែលត្រូវបានបង្កើតឡើងក្រោមការផ្តួចផ្តើមរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ និងសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ CEN