Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CDC អនុម័តលើគម្រោងវិនិយោគរោងចក្រអគ្គិសនីដុតធ្យូងថ្ម តម្លៃ ១ពាន់លានដុល្លារ នៅខេត្តកោះកុង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ថ្មីមួយទៀតតម្លៃ ១ពាន់ លានដុល្លារអាមេរិក នៅថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយគម្រោងនេះ នឹងបង្កើតការងាររហូត ៣៦០កន្លែង។

ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន រ៉ូយាល់គ្រុប សហការជាមួយក្រុមហ៊ុន Sinostreel បាននិងកំពុងរៀបចំដីធ្លីក្នុងដំណើរការសាងសង់ហើយ ហើយពិតណាស់គម្រោងនេះ កំពុងដើរស្របគ្នាទៅនឹងផែនការគោលនយោបាយ របស់រាជរដ្ឋាភិបាលតាមដំណាក់កាលនៃឆ្នាំនីមួយៗ សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា។

ឯកឧត្តមបន្តថា ការប្រើប្រាស់ថាមពលអគ្គិសនីនៅឆ្នាំ២០២០នេះ ពុំខ្វះខាតនោះឡើយ ប៉ុន្តែនៅពេលដែលកម្ពុជាមានការអភិវឌ្ឍកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ ហើយការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា មិនមានការអភិវឌ្ឍឲ្យទាន់ទៅនឹងតម្រូវការប្រើប្រាស់ទេនោះ ពិតណាស់ វានឹងមានការខ្វះខាតថាមពល ប៉ុន្តែយ៉ាងណា កម្ពុជាគឺមានផែនការមេ ដែលនឹងត្រូវធ្វើជាបន្តបន្ទាប់គ្នាដែរ សម្រាប់វិស័យថាមពលមួយនេះ។
ឯកឧត្តម បានឲ្យដឹងទៀតថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតថាមពលអគ្គិសនី ជាច្រើនកន្លែង នៅទូទាំងប្រទេស ដូចជានៅខេត្តព្រះសីហនុ មានរោងចក្រធ្យូងថ្មចំនួន ៣កន្លែងរួចហើយ។ ឯកឧត្តម បានអះអាងទៀតថា រោងចក្រអគ្គិសនី ដែលបានភ្ជាប់បណ្តាញជាតិ គឺមានគ្រប់ខេត្តក្រុងទាំងអស់ រាប់ទាំងរោងចក្រផលិតអគ្គិសនីពីសូឡា ពីប្រេង ពីធ្យូងថ្ម និងពីប្រេងខ្មៅជាដើម។

គួរបញ្ជាក់ថា តាមរយៈការសិក្សារបស់អគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា កំណើននៃតម្រូវការថាមពលរបស់កម្ពុជា ស្ថិតក្នុងកំណើនចន្លោះពី១៦ ទៅ១៨ភាគរយ ដែលអាចនិយាយបានថា នៅឆ្នាំ២០៣០ខាងមុខ កម្ពុជានឹងមានតម្រូវការថាមពលរហូតជាង ១ម៉ឺន ២ពាន់ មេហ្គាវ៉ាត់ ដែលទំហំនេះ នឹងអាចគ្រប់គ្រាន់ ប៉ុន្តែក៏ត្រូវមានធ្វើផែនការច្បាស់លាស់ ដើម្បីផលិតថាមពលពីប្រភពណាមួយផងដែរ៕រក្សាសិទ្ធិដោយ៖CEN

×