នេះជាខណៈពេលមួយ ដែលអាចធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តជាខ្លាំង នៅពេលដែលបានឃើញសុនខដ៏សែនចេះ១ក្បាល បានលោតប្រតោងពលទាហានជនជាតិចិនម្នាក់ ដែលជាអ្នកគ្រប់គ្រងវាយ៉ាងស្អិត ក្នុងបំណងមិនឲ្យគាត់ឃ្លាតឆ្ងាយពីវា នៅពេលដឹងថាគាត់ត្រៀមចាកចេញពីបន្ទាយ។
តាមរយៈវីដេអូត្រូវបានថតនៅឯមូលដ្ឋានយោធាមួយកន្លែង បានបង្ហាញសុនខពណ៌មាស១ក្បាលមានឈ្មោះ Da Mao បានដេញតាមគ្រូបង្វឹករបស់វាឈ្មោះ Jia Chuan ខណៈគាត់កំពុងរៀបចំចាកចេញពីមូលដ្ឋាន។
Chuan ដែលបម្រើការនៅក្នុងបន្ទាយទាហាននោះ អស់រយៈពេល ៨ ឆ្នាំ ត្រូវបានដឹងថាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Da Mao អស់រយៈពេល ២ ឆ្នាំ។ វាគឺជាសុនខរុករក និងសង្គ្រោះដំបូង ដែលគាត់បានបង្វឹក។
ទោះយ៉ាងណា សុនខ Da Mao បានព្យាយាមយ៉ាងខ្លាំងពីការបំបែកចេញពីមិត្តភាពរបស់វា ដោយវាបានដេញតាមអតីតគ្រូបង្វឹក នៅពេលវាបានដឹងថា គាត់នឹងត្រូវចាកចេញពីមូលដ្ឋាន ដែលធ្លាប់រួមសុខទុក្ខជាមួយ។
សុនខនេះបានលោតប្រតោង ទៅនឹងអ្នកគ្រប់គ្រងរបស់វាយ៉ាងស្អិតរមួត តាមរយៈការយកជើងមុខទាំងពីរក្រសោបខ្លួន ដែលមើលទៅ វាពិតជាកំពុងសុំអង្វរគាត់មិនឲ្យទៅ។
តែយ៉ាងណា នេះជាពេលវេលាចុងក្រោយ ដែលលោក Chuan ត្រូវប្រគល់ Da Mao ទៅឲ្យអ្នកគ្រប់គ្រងថ្មី ដើម្បីធ្វើការងារបន្តពីតួនាទីរបស់គាត់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង