Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពង់ស្ពឺ​មាន​សក្តានុពល​ខ្ពស់ លើ​វិស័យ​ផលិតកម្ម​ជ្រូក​សាច់ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ទាំង​ជា​លក្ខណ​:​គ្រួសារ និង​ជា​លក្ខណ​:​ឧស្សាហកម្ម​

​កំពង់ស្ពឺ​៖ កំពង់ស្ពឺ​គឺជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ផលិតកម្ម​ជ្រូក​សាច់ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ទាំង​ជា​លក្ខណ​:​គ្រួសារ និង​ជា​លក្ខណៈឧស្សាហកម្ម​។

​បើតាម​របាយការណ៍រ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ផលិតកម្ម​ទាំងបី​នេះ​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ និង​សេដ្ឋកិច្ចជាតិ​។

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១១ ខែធ្នូ បាន​ឲ្យ​ដឹងថា​នៅ​ទូទាំង​ខេត្ត​មាន​៖ ១- ជ្រូក​សរុប​ចំនួន ២៣២ ៤៤៣ ក្បាល​ ។ ២- មាន់​សរុប​ចំនួន ៣ ៣១៥ ៤៩៣ ក្បាល​។​

​នៅ​ទូទាំង​ខេត្ត​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​សរុប​ចំនួន ៤៩៥​កន្លែង ក្នុងនោះ​មាន​៖ ១- កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់មាន​ចំនួន ២២២ មាន​ជ្រូក​សរុប​ចំនួន ១៨៥ ៥២៣ ក្បាល​។ ២- កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ពូជ​មាន​ចំនួន ៤៥ មាន​ជ្រូក​មេ​ពូជ​សរុប​ចំនួន ៤៨ ៨៩២ ក្បាល​។ ៣- កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់មាន​ចំនួន​២១៤ មាន​មាន់​សរុប​ចំនួន ២ ១១២ ៦០០​ក្បាល​។ ៤- កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ស៊ុតមាន​ចំនួន ១០ មាន​មាន់​ចំនួន ១៩៣ ៣០០ ក្បាល​។​

​សូម​បញ្ចាក់​ជូន​ថា ក្រៅពី​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​សាច់ ជ្រូក​ពូជ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ខេត្ត​ក៏មាន​កសិដ្ឋាន​ចិញ្ចឹម​គោ និង​ចិញ្ចឹម​ទា​ផងដែរ​។ បច្ចុប្បន្ន ខេត្ត​មាន​គោ​សរុប​ចំនួន ២៥៣ ៨៣៤ ក្បាល និង​ទា​មាន​ចំនួន ១០ ៩៨៦ ក្បាល ហើយ​ស្រុក​ដែល​ឈានមុខ​គេ​លើ​ផលិតកម្ម​ចិញ្ចឹមសត្វ​គឺ​ស្រុក​គងពិសី សំរោង​ទង ឪ​រ៉ា​ល់ ឧ​ត្តុ​ង ច្បារមន និង​ស្រុក​ថ្ពង​។

​កសិដ្ឋាន​ជ្រូក​សាច់ មាន់​យក​សាច់ និង​មាន់​យក​ស៊ុត ភាគច្រើន​សុទ្ធតែជា​របស់​ក្រុមហ៊ុន​នាំមុខគេ​ផ្នែក​ផលិតកម្ម​ចិញ្ចឹមសត្វ និង​ផលិត​ចំណី​សត្វ​ទាំង​ក្នុង និង​ក្រៅ​ស្រុក និង​របស់​ប្រជាកសិករ​ដែល​សហការ​ចិញ្ចឹម​តាមរយ​:​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ធំៗ​ទាំងនោះ​។ សេចក្តីត្រូវការ​សាច់សត្វ​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​កំពុង​មាន​និន្នាការ​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ សេដ្ឋកិច្ច និង​កំណើនប្រជាជន​។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជា​សេនាធិការ​បាន និង​កំពុង​ជំរ​ញ​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​វិស័យ​ឯកជន ជាពិសេស​បងប្អូន​ប្រជាកសិករ នាំគ្នា​ខិតខំ​ពង្រីក​អាជីវកម្ម​ចិញ្ចឹមសត្វ​បន្ថែមទៀត​ដើម្បី​ធានាបាន​ទាំង​បរិមាណ និង​គុណភាព​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​ទីផ្សារ​។ អ្នក​ចិញ្ចឹមសត្វ​ត្រូវការ​ចំណី អ្នក​ផលិត​ចំណី​ត្រូវការ​វត្ថុធាតុដើម ដែល​កម្ពុជា​មានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅ​ត្រី និង​ម្សៅដំឡូង​មី ។​ល​។ ហើយ​អ្នក​ផលិត​វត្ថុធាតុដើម​គឺ​បងប្អូន​ប្រជាកសិករ នេះ​គឺជា​ខ្សែ​ច្រវាក់​វិលជុំ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ចិញ្ចឹមសត្វ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×