នេះជារឿងមួយដ៏ចម្លែក និងគួរឲ្យអាសូរខ្លាំងណាស់ ខណៈដែលផ្ទៃមុខរបស់នារីវ័យជំទង់ម្នាក់ បានហើមស្ពុរប្រៀបដូចសាច់ដុះគ្របមុខអ៊ីចឹង បន្ទាប់ពីត្រូវបានបំផ្លាញដោយជំងឺដ៏អាថ៌កំបាំងមួយ ដែលបានចាប់ផ្តើមបង្កឡើងដូចជាមុន។
នាង Mary Ann Regacho អាយុ ១៧ ឆ្នាំ រស់នៅ Nueva Ecjia ប្រទេសហ្វីលីពីន បានបង្ហាញឲ្យដឹងថា ការកាត់ «ក្បាលខ្មៅ» ដែលបានលេចឡើងនៅលើផ្នែក នៃរបស់ច្រមុះរបស់នាង កាលពីឆ្នាំមុន បានបណ្តាលឲ្យហើមឈឺចាប់ ហើយវាបានរីករាលដាលពាសពេញផ្ទៃមុខ រហូតបាំងចក្ខុវិស័យរបស់នាងតែម្តង។
ដំបូង នាងបានជឿថា គ្រាប់មុននេះនៅតែបន្តកើតឡើង ពុំព្រមបាត់ គឺប្រហែលដោយសារលទ្ធផល នៃបញ្ហាប្រែប្រួលអ័រម៉ូន ក្រោយពីនាងសម្រាលកូនបានប៉ុន្មានសប្តាហ៍។
ម្តាយវ័យជំទង់នេះ បានផ្តល់កំណើតកូនប្រុសម្នាក់ កាលពីឆ្នាំមុនក្នុងវ័យ ១៦ ឆ្នាំ ហើយពុំធ្លាប់មានអ្វីប្លែក នៅលើស្បែករបស់នាងទេ កាលពីនាងនៅវ័យក្មេង ប៉ុន្តែ ការមានផ្ទៃពោះអាចបង្កឲ្យកើតមានបញ្ហានេះ។
បច្ចុប្បន្ន មុននេះបានរីកកាន់តែធំឡើងដូចសាច់ដុះ កំពុងគ្រប់ផ្ទៃមុខរបស់នាង ហើយវាបានរាលដាលដល់ផ្នែកម្ខាង នៃភ្នែករបស់នាង ដែលជះឥទ្ធិពលដល់ចក្ខុរបស់នាងគួរឲ្យព្រួយបារម្ភ។
ម្តាយកូនមួយរូបនេះបាននិយាយថា នាងបានព្យាយាមព្យាបាលជាមួយថ្នាំបុរាណ ដោយប្រើរុក្ខជាតិស្មៅម្យ៉ាង ប៉ុន្តែ វាពុំមានប្រសិទ្ធភាពនោះទេ។
Mary និយាយថា៖ «ខ្ញុំគិតថា វាគ្រាន់តែជាមុនធម្មតា ប៉ុន្តែ វាបានឈឺចាប់ខ្លាំង ដែលដល់ថ្នាក់ធ្វើឲ្យខ្ញុំ ពុំបានគេងបាននៅពេលយប់។ ខ្ញុំបានព្យាយាមប្រើវិធីព្យាបាលតាមវិធីជាច្រើនអស់ហើយ ប៉ុន្តែ វាមិនមានលទ្ធផលអ្វីនោះទេ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ផ្ទៃមុខរបស់នាងនឹងមិនវិលត្រឡប់ដូចដើមវិញទេ»។
Mary មិនអាចលៃលកប្រាក់សម្រាប់ការព្យាបាលនៅមន្ទីរពេទ្យបាន គឺដោយសារតែនាងពុំមានការងារធ្វើ ហើយប្តីរបស់នាងទៀតសោត ក៏ធ្វើការក្រៅម៉ោងនៅឯចំការអ្នកជិតខាង ហេតុនេះមិនមានប្រាក់ចំណូលស្ថិតថេរនោះទេ។
នៅក្នុងវីដេអូ ស្វែងរកមូលនិធិ ប្តីរបស់នាង Albert Sales បាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូន ដែលមានទឹកចិត្តសប្បុរសធម៌ ចូលរួមបរិច្ចាគផង ដើម្បីខ្ញុំអាចនាំប្រពន្ធរបស់ខ្ញុំទៅមន្ទីរពេទ្យ។ ពួកខ្ញុំសព្វថ្ងៃនេះ គឺអាចត្រឹមមានលុយផ្គត់ផ្គង់ជីវភាពប្រចាំ បានមួយថ្ងៃៗប៉ុណ្ណោះ ហេតុនេះ ពួកខ្ញុំពុំមានប្រាក់គ្រប់គ្រាន់ សម្រាប់បង់ថ្លៃព្យាបាលទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង