បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ដល់អាជីវករនិងម្ចាស់ផ្សារលើ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវផ្អាកជាបណ្ដោះអាសន្ន មិនឲ្យលក់ដូរនៅមាត់ស្ទឹងសង្កែ និងមិនឲ្យរថយន្តធុនធំបើកឆ្លងកាត់ ខណៈច្រាំងស្ទឹងនៅជិតផ្សារមួយនេះ បាក់ជាបន្តបន្ទាប់ ដោយសារទឹកជំនន់កន្លងមក។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ការប្រកាសផ្អាកជបណ្ដោះអាសន្ននេះ ដើម្បីការពារបាក់ច្រាំងស្ទឹងបន្ថែម ព្រមទាំងសុវត្ថិភាពរបស់ពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងអាជីវករលក់ដូរនៅទីនោះ ជាយថាហេតុ ។ ក្នុងសេចក្តីជូនដំណឹងដដែលនេះ បានបង្ហាញពីគម្រោងផងដែរ ក្នុងការជួសជុលកែរលម្អរឡើងវិញ នូវច្រាំងស្ទឹងជាប់នឹងផ្សារលើនេះ ប៉ុន្តែមិនទាន់បានប្រាប់ពីពេលវេលាជាក់លាក់ ក្នុងការជួសជុលនេះទេ គ្រាន់តែដឹងថា ការអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ប៉ុន្តែមានក្រុមអាជីវករមួយចំនួន នៅបន្តលក់ដូរតាមមាត់ស្ទឹង ជាប់ផ្សារលើនេះនៅឡើយ។
គួរបញ្ជាក់ថា ដោយសារបញ្ហាទឹកជំនន់ ច្រាំងស្ទឹងសង្កែ ស្ថិតជាប់ស្រុកមួយចំនួន រួមទាំងក្រុងបាត់ដំបង បានរងការបាក់សឹងជារៀងរាល់ឆ្នាំ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់ពលរដ្ឋរស់នៅជាប់នឹងមាត់ស្ទឹង និងអ្នកធ្វើដំណើរឆ្លងកាត់ក្បែរនោះ ហើយករណីនេះ អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការជួសជុលកែរលម្អជាបន្តបន្ទាប់ ប៉ុន្តែនៅមិនទាន់ឆ្លើយតបនឹងការបាក់ច្រាំងស្ទឹងនៅឡើយទេ។
ជាក់ស្ដែងនៅចុងឆ្នាំ២០២០នេះ ដោយសារមានភ្លៀងធ្លាក់ច្រើន និងទឹកជំនន់ធំផងនោះ ធ្វើឲ្យមានបាក់ច្រាំងស្ទឹងថ្មីៗជាច្រើនកន្លែង ដែលវាកាន់តែជាបន្ទុករបស់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយ ឆ្លើយតបទៅនិងផលប៉ះពាល់ ពីគ្រោះធម្មជាតិនេះ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ