ភ្នំពេញ៖សារសំឡេង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩។ដោយគោរពតាមប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន៩០គ្រឿង នៅម៉ោងប្រមាណ៦៖០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដើម្បីទប់ស្កាត់បង្កជម្ងឺកូវីដ១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានឲ្យកងទ័ព ចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ដោយត្រៀមទទួលបទបញ្ជា ពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋ ចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ