ព្រះសីហនុ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ឈ្មោះ INS KILTAN ដែលមានទម្ងន់ផ្ទុក ៣១៥០តោន ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ។ នាវានេះមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការ ដើម្បីប្រគល់សម្ភារៈសង្គ្រោះទឹកជំនន់មួយចំនួន ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។
បើតាមការផ្សព្វផ្សាយព័ត៌មានរបស់កងទព័ជើងទឹកមូលដ្ឋាសមុទ្រ បានបញ្ជាក់ថា លោកឧត្តមនាវីត្រីអ៊ិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ទទួលស្វាគមន៍លោកវរនាវីទោ BK PONNAPPA មេបញ្ជាការនាវាឈ្មោះ INS KILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ (ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១) ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការ ដើម្បីប្រគល់សម្ភារៈសង្គ្រោះទឹកជំនន់មួយចំនួន ជូនដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ មន្ត្រីកងទព័ជើងទឹក ឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន៖ នាវាទទឹង ១៣ម៉ែត្រ បណ្តោយ ១១០ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ និងទម្ងន់ផ្ទុក ៣១៥០តោន។
តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញ នៅវេលាម៉ោង៩ព្រឹកថ្ងៃ ទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ