បាត់ដំបង ៖ កញ្ញា កេសី ជានិស្សិតរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នាងជាមួយមិត្តភក្តិមានគ្នាទាំងអស់ចំនួន ៨នាក់ ក្នុងគោលបំណងដំណើរកម្សាន្ត ដើម្បីសម្រាកមួយយប់ផ្លាស់ប្តូរបរិយាកាស ពិសេសពេលរាត្រីនៅជ្រលងភ្នំ និងមានទឹកថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ ដែលធ្វើគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយ និងស្រស់ស្រាយជាទីបំផុត។
ក្រុមនិស្សិតរបស់នាង បានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំ ក្នុងការដើរលេងបន្ធូរអារម្មណ៍នេះ ដោយសារសម្លឹងឃើញថា នៅទីនេះជាតំបន់ធម្មជាតិពណ៌ប៉ៃតងនៅពទ្ធជុំវិញ មានឮសំឡេងសត្វស្រែកយំទ្រហឹងអឺងកង ស្នូរសំឡេងទឹកហូររងំ និងម្យ៉ាងទៀតវាជាបំពេញសេចក្តីប្រាថ្នារបស់ពួក នាងមកជាយូរផងដែរ។ រួមមានទាំងកម្លាំងប្រជាការពារមួយចំនួនទៀតយាមប្រចាំការ ដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវទេសចរ ដែលមកចូលលេងកម្សាន្តនៅទីនេះ។
កាលពីមុននៅទីនេះ មានភ្ញៀវមកចូលលេងត្រឹមតែថ្ងៃបុណ្យទានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវទេសចរបែបជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិឬក្រុមការងារ បាននាំគ្នាមកចូលលេងលំហែរកាយជារៀងរាល់ពេលមិនរាល់ថ្ងៃ។ ភ្ញៀវទេសចរភាគច្រើន ជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនដូចជា ខេត្តបាត់ដំបង ភ្នំពេញ ខេត្តសៀមរាប ប៉ៃលិន និងខេត្តបន្ទាយមានជ័យជាដើម។ល។
គួរបញ្ជាក់ផងដែរថា នៅក្នុងរយះពេល ១០ខែដើមឆ្នាំ ២០២០នេះ មានភ្ញៀវទេសចរដែលចូលមកលេងក្នុងខេត្តបាត់ដំបង មានសរុបចំនួន ៤៤៨,២១៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៦,០៦២ នាក់និងភ្ញៀវអន្តរជាតិមានចំនួន ៣២,១៥៧ នាក់៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ