Monday, June 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​បន្លំ​លួច​គ្រប់គ្រង​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គមវ៉ាត់ស្អាប់ តេឡេក្រាម និងហ្វេសប៊ុក

​ភ្នំពេញ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​៖ នៅ​ប៉ុន្មាន​ថ្ងៃនេះ​យើង​សង្កេតឃើញថា មាន​ករណី​បន្លំ​លួច​គ្រប់គ្រង​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម តួយ៉ាង​កម្មវិធី WhatsApp Telegram ឬ​កម្មវិធី Facebook កំពុង​កើតមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាច្រើន​ករណី​។ បន្ទាប់ពី​ការសិក្សា​លើ​សេចក្តីរាយការណ៍​របស់​ជនរងគ្រោះ ក្រុមការងារ​បច្ចេកទេស បាន​រកឃើញថា ករណី​លួច​គណនី​ភាគច្រើន​បង្កឡើង​ដោយ​ការប្រើប្រាស់​ល្បិច​បន្លំ ច្រើនជាង​បច្ចេកទេស​ចម្លង​មេរោគ​។​

​ដើ​ម្ប​ធ្វើការ​លួច​គ្រប់គ្រង​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម តួយ៉ាង​កម្មវិធី WhatsApp Telegram ឬ​កម្មវិធី Facebook ឧក្រិដ្ឋជន​បច្ចេកវិទ្យា បាន​ប្រើប្រាស់​វិធីសាស្ត្រ ដូចខាងក្រោម​៖

– ឧក្រិដ្ឋជន​ធ្វើការ Login ចូល​កម្មវិធី WhatsApp ឬ​កម្មវិធី Telegram ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ជនរងគ្រោះ (​ចំពោះ​កម្មវិធី Facebook ប្រើប្រាស់​តួនាទី Reset Password ជាមួយ​លេខ​ទូរស័ព្ទ ឬ​ឈ្មោះ Username ជនរងគ្រោះ​)

– ក្រុមហ៊ុន WhatsApp Telegram ឬ Facebook នឹងធ្វើ​ការបញ្ជូន​លេខ​កូដ PIN តាមរយៈ​សារ SMS ទៅកាន់​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​

– ឧក្រិដ្ឋជន​ធ្វើការ​ទាក់ទង​ទៅកាន់​ជនរងគ្រោះ តាមរយៈ​សារ​អេឡិចត្រូនិក ដោយ​ប្រើប្រាស់​បច្ចេកទេស​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ដើម្បី​លួងលោម​ជនរងគ្រោះ​ផ្តល់​លេខ​កូដ PIN (​ឧទាហរណ៍​៖ ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​ច្រឡំ​ផ្ញើ​លេខ​កូដ និង​អង្វរ​ជនរងគ្រោះ​ផ្ញើជូន​ខ្លួន​វិញ ព្រោះ​លេខ​កូដ​នេះ​ត្រូវការ​បន្ទាន់​បំផុត​)

– បន្ទាប់ពី​ទទួលបាន​លេខ​កូដ PIN ឧក្រិដ្ឋជន​នឹងធ្វើ​ការផ្ទៀងផ្ទាត់ និង​ដំណើការ​ចូល​គណនី​កម្មវិធី WhatsApp Telegram ឬ​កម្មវិធី Facebook ជា​ស្ថាពរ​

– ដើម្បី​ទទួលបាន​ការគ្រប់គ្រង​កាន់តែ​រឹងមាំ ឧក្រិដ្ឋជន​នឹងធ្វើ​ការផ្លាស់ប្តូរ​តួនាទី​មួយចំនួន ដូចជា​៖ បន្ថែម​លេខ​កូដ Step Two Verification ឬ​ផ្លាស់ប្តូរ​ព័ត៌មាន​ផ្ទៀងផ្ទាត់​របស់​គណនី​ជនរងគ្រោះ ដាក់​ព័ត៌មាន​របស់ខ្លួន​ជាដើម​។​

(​សេចក្តី​បញ្ជាក់បន្ថែម​៖ មាន​ករណី​មួយចំនួន ឧក្រិដ្ឋជន​ធ្វើការ​បន្លំ​លួច​លេខ​សម្ងាត់​តែម្តង ដោយ​ប្រើប្រាស់​បច្ចេកទេស​វិស្វកម្ម​បណ្តាញ​សង្គម Phishing)

​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​បងប្អូន​ពលរ​ដ្ឋ​ទាំងអស់ ដែល​ប្រើប្រាស់​កម្មវិធី ឬ​មាន​គណនី​អ៊ី​ន​ធឺ​ណេ​ត សូម​អនុវត្ត​វិធានការ​ការពារ ដូចខាងក្រោម​៖

– ត្រូវ​ជ្រើសរើស​លេខ​សម្ងាត់​ដែល​ពិបាក​ទាយ (​ហាម​ប្រើប្រាស់​លេខ​សម្ងាត់​ជា​៖ លេខ​ទូរស័ព្ទ ថ្ងៃខែ​ឆ្នាំ​កំណើត ឬ​ឈ្មោះ​ខ្លួន​។​ល​។​)

– ត្រូវ​រក្សា​លេខ​សម្ងាត់​គណនី​ឲ្យ​មាន​សុវត្ថិភាព និង​មិនត្រូវ​ធ្វើការ​ចែករំលែក​លេខ​សម្ងាត់​ជាដាច់ខាត ទោះបី​ជន​នោះ​អះអាងថា​ជា​តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ក៏ដោយ​

– ត្រូវ​រក្សា​ការពារ​លេខ​កូដ PIN (​បិទ​មិន​ឲ្យ​បង្ហាញ​លើ​អេក្រង់​ទូរស័ព្ទ​។​ល​។​) និង​មិនត្រូវ​ចែករំលែក​លេខ​កូដ PIN ជាដាច់ខាត​

– ត្រូវ​ដំឡើង​តួនាទី Step Two Verification លើ​គណនី​កម្មវិធី​អ៊ី​ន​ធឺ​ណេ​ត​។​ល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×