ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចំៗវេជ្ជបណ្ឌិតវះកាត់ខួក្បាលម្នាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបាននិយាយតាមទូរស័ព្ទថា បន្តិចទៀតលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យនេះ។ សម្តេចតេជោ បានថ្លែងថា កូនស្រីសម្តេចមិនមានចំណេះដឹងទៅគ្រប់គ្រងពេទ្យនេះឡើយ គឺគ្រាន់តែជួយបរិច្ចាគថវិកាជួយដំណើរការប៉ុណ្ណោះ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រជាង១ម៉ឺននាក់នៅតំបន់វត្តទឹកថ្លា នាព្រឹកថ្ងៃ២១ កុម្ភៈ សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមានវេជ្ជបណ្ឌិតម្នាក់ ដែលបម្រើការងារនៅក្នុងមន្ទីពេទ្យគន្ធរបុប្ផា ទាក់ទងនឹងការបង្កើតពាក្យចចាមអារ៉ាមថា កូនស្រីសម្ដេច គឺលោកស្រី ហ៊ុន ម៉ាណា នឹងទៅគ្រប់គ្រងមន្ទីរពេទ្យគន្ធរបុប្ផា នាពេលខាងមុខ។ សម្ដេច ហ៊ុន សែន ចាត់ទុកការលើកឡើងរបស់វេជ្ជបណ្ឌិតរូបនោះ ជាព័ត៌មានមិនពិត ។
សម្តេចនាយករដ្ឋមន្ត្រី ៖ កូនស្រីសម្តេច លោកស្រី ហ៊ុន ម៉ាណា តែងតែផ្ដល់ថវិកា១លានដុល្លារជារៀងរាល់ឆ្នាំ សម្រាប់ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធរបុប្ផា ដែលការលើកឡើងនោះមានភាពផ្ទុយស្រឡះ និងជាការមួលបង្កាច់តែប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សូមផ្ដាំទៅពេទ្យដែលវះកាត់ខួរក្បាលមួយដែលនៅគន្ធបុប្ផា ម្សិលមិញលោកឯងនិយាយខុស លោកឯងថាបន្ដិចទៀត ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់ខ្ញុំ នឹងទៅគ្រប់គ្រងនៅមន្ទីរពេទ្យគន្ធបុប្ផា លោកឯងត្រូវប្រយ័ត្នប្រយែងពាក្យសម្ដីអស់នេះ កូនស្រីរបស់ខ្ញុំគ្មានជំនាញទេ»។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា «អ្នកឯងនិយាយចេញពីមន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំស្គាល់មុខអ្នកឯងហើយ ឈ្មោះអី? នៅឯណា? ហើយអ្នកឯងជាវេជ្ជបណ្ឌិតខាងវះកាត់ខួរក្បាលផង អ្នកឯងមិនត្រូវល្ងង់ខ្លៅបែបនេះទេ កូនស្រីខ្ញុំគ្មានវិជ្ជា គ្មានចំណេះដឹងសម្រាប់ការគ្រប់គ្រងមន្ទីរពេទ្យមួយដ៏ធំនេះទេ ។ កូនរបស់ខ្ញុំគ្មានការពាក់ព័ន្ធទេ តែកូនរបស់ខ្ញុំត្រូវបរិច្ចាគមួយឆ្នាំ ១លានដុល្លារឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា ហេតុអ្វីបានជាអ្នកឯងមកចោទ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា សម្ដេចបានទទួលព័ត៌មាននេះពីគណនី Facebook ឈ្មោះ «សីហា» ដែលគេស្គាល់ថា ជាអ្នកលេង Facebook មួយ ដែលជំនាញខាងទម្លាយរឿងផ្សេងៗ ពិសេសរឿងនយោបាយ បានផ្ដល់ព័ត៌មាននេះជូនសម្ដេច។
បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលត្រូវតែធ្វើយ៉ាងណាឲ្យមន្ទីរពេទ្យគន្ធបុប្ផាដំណើរការបន្ត ហើយរហូតដល់សម្ដេច បង្កើតមូលនិធិគន្ធបុប្ផាមួយទៀតនៅកម្ពុជា ហើយសម្តេចនឹងធ្វើប្រធាននៃមូលនិធិនេះ មិនអាចនៅពេលអត់លោក Beat Richner ទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលព្យាបាលកុមារកម្ពុជា រាប់លាននាក់នេះដួលរំលំនោះទេ៕ ដោយ៖បញ្ញាស័ក្តិ