កំពតៈ បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរដោយរថយន្តបុកពេលកំពុងជិះម៉ូតូ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមន្ត្រី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។ ជនរងគ្រោះមិនត្រូវបានស្គាល់សាវតាទេ ខណៈអ្នកបើកបររថយន្តរត់គេចបាត់។
លោកអ៊ុក សំអុល នាយប៉ុស្តិ៍សំរោងក្រោមបានរៀបរាប់ថា កាលពីវេលោម៉ោង៩យប់ថ្ងៃទី១៨ ខែតុលា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្តព្រៃស្វាយប្រមាណ៤០០ម៉ែតរវាងរថយន្តនិងម៉ូតូបណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ។ ដោយស្រង់ប្រភពពីកន្លែងកើតហេតុ លោកនាយប៉ុស្តិ៍បានបន្តថា ដំបូងឡើយគេឃើញបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង។ ស្របពេលនោះស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងមកពីទិសខាងជើងដោយល្បឿនយ៉ាងលឿង រួចបុកម៉ូតូពេញទំហឹងបណ្តាលឱ្យភាគីខាងម៉ូតូបោកខ្លួនស្លាប់នៅនឹងកន្លែង។ ខណៈនោះអ្នកបើកបរបានរត់គេចបាត់បន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថារហូតមកដល់ម៉ោង៩ព្រឹកថ្ងៃទី១៩ ខែតុលានេះ សពជនរងគ្រោះមិនទាន់ត្រូវបានស្គាល់សាវតានៅឡើយ។ ដូច្នេះក្នុងនាមសមត្ថកិច្ចមូលដ្ឋានលោកសូមអំពាវនាវដល់ក្រុមគ្រួសារដែលបាត់បង់សមាជិករបស់ខ្លួនប្រញាប់ប្រញាល់មកកាន់កន្លែងកើតហេតុដើម្បីនាំយកសពទៅចាត់ចែងតាមប្រពៃណី ដោយជនរងគ្រោះជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់មួកជាជាងសំណង់៕ ដោយ និរតី