ភ្នំពេញ៖មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញមួយកន្លែងមានទីតាំង ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្ថាបនារួចជាស្ថាពរហើយ និងបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង រួមជាមួយនឹងអភិបាលរងរាជធានី លោកនិងលោកស្រីអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។
គួរបញ្ជាក់ថា៖ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ មានចំនួន៤អគារ និងមួយអគារកន្លែង គ្រូពេទ្យសម្រាប់យកសំណាក ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ។ ដូច្នេះ៤អគារស្មើនឹង៥០៤នាក់ ចែកចេញជា៥០៤បន្ទប់ ស្មើនិង៥០៤គ្រែ ជាមួយនឹងការបំពាក់កង្ហារ បន្ទប់ទឹក បង្គន់អានាម័យនិងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលបានបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនដែលត្រូវធ្វើចត្តាឡីស័កបានភាពងាយស្រួល។
ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖ មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរ ដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ មានលុយកាក់ច្រើន ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ។តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះ មិនតម្រូវឲ្យមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។
លោកក៏បានបញ្ជាក់ផងដែរថា៖ នៅថ្ងៃទី១១ខែមករា ខាងមុខនេះ នៅតាមបណ្ដា សាលារៀនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ នឹងបើកវេសនកាលចូលរៀនវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ