Friday, July 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ប្រទេស​មាន​សុខសន្តិភាព ទើប​មានឱកាស​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ

​ភ្នំពេញ​៖ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អបអរសាទរ​ខួប​លើក​ទី​៤២ ថ្ងៃជ័យ​ជម្នះ​៧​មករា ថ្ងៃ ៧​មករា ឆ្នាំ​១៩៧៩ ៧​មករា ឆ្នាំ​២០២១ ជា​ខួប​លើក​ទី​៤២ នៃ​ទិវា​ជ័យជម្នះ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​បាន​កាប់សម្លាប់ និង​ធ្វើឱ្យ​យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត ៣​លាន​នាក់​។​

​សម្តេច​ពញា​ចក្រី បាន​មានប្រសាសន៍ថា ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ យើង​មិនបាន​រៀបចំ​ពិធី​មី​ទ្ទីង​អធិកអធម​ដូច​រាល់​ឆ្នាំ តែ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅតាម​មូលដ្ឋាន បានរៀបចំ​ពិធី​តូចៗ ដើម្បី​រំលឹក​នូវ​អនុស្សាវរីយ៍​ថ្ងៃជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ ដែល​បានផ្តល់​កំណើត​ទី​២ ដល់​យើង​គ្រប់គ្នា ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​ប្រទេស​ជា​មិត្ត ដែល​បានធ្វើ​ការលះបង់​យ៉ាង​ធំធេង ក្នុងការ​ប្រយុទ្ធ តស៊ូ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​បាន​ពួតដៃគ្នា​ការពារ កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ភាព​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ជ័យជម្នះ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ បានកើត​ចេញពី​កម្លាំង​ចលនា​តស៊ូ​មហាជន​ស្នេហា​ជាតិ ក្រោម​ការដឹកនាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​មានឈ្មោះ រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បង្កើតឡើង​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន និង​ឥស្សរជន​ស្នេហា​ជាតិ​ដទៃទៀត​។​

​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ បានផ្តល់​ឱកាស​ពេញលេញ​ដល់​យើង​ក្នុង​ការកសាង​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការវិវឌ្ឍ រីកចម្រើន​លូតលាស់​ជា​បន្តបន្ទាប់ ។ ក្រោម​ម្លប់​សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែ​រីកលូតលាស់​ជា​លំដាប់ កំណើនសេដ្ឋកិច្ច​រក្សាបាន​ក្នុង​រង្វង់ ៧% ជាច្រើន​ឆ្នាំ​ជាប់​គ្នា នៅក្នុង​រយៈពេល​ចុងក្រោយ មុន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​
​ទោះបី​ចាប់ពី​ឆ្នាំ​២០២០​មក យើង​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ជាមួយ​ពិភពលោក​ទាំងមូល​យ៉ាងណាក្តី តែ​កម្ពុជា​នៅតែ​អាច​រក្សាបាន​នូវ​ការកាត់បន្ថយ​អត្រា​ភាពក្រីក្រ បាន​ដោយ​ជោគជ័យ​។​
​យើង​បានប្រែក្លាយ​ពី​ប្រទេស​គ្មានអ្វី​សោះ មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ហើយ​យើង​បន្ត​ប្រឹងប្រែង អភិវឌ្ឍ​ប្រទេស​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នាពេល​អនាគត តាម​ចក្ខុវិស័យ​ច្បាស់លាស់​និង​ត្រឹមត្រូវ​របស់​យើង​។​

​ក្រោម​ម្លប់​សុខសន្តិភាព យើង​បាន​កំពុង​កសាង​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ តាម​គោលនយោបាយ​ការបរទេស​។ កម្ពុជា​បាន​ចែករំលែក​ទាំង​សកម្មភាព ទស្សន​និង​ធនធាន ជាមួយ​ពិភព​ក្នុង​ការកសាង​សន្តិភាព និង​ជួយ​គ្នា​នៅ​គ្រា​មាន​មានទុក្ខ​លំបាក ដូចជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ទៅកាន់​ប្រទេស​ជាច្រើន នៅក្រោម​ឆ័​ត្រ​អង្គការ​សហ​ប្រជាជ​តិ ហើយ​នៅពេល​មាន​វិបត្តិ​កូ​វីដ​១៩​នេះ យើង​បាន​ផ្តល់ជំនួយ​ជា​ម៉ាស និង​សម្ភា​រៈវិ​ជ្ជ​សាស្ត្រ​មួយចំនួន ដល់​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​និង​តំបន់​អាស៊ី មាន​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​ប្រទេស​នេ​ប៉ាល់​ជាដើម​។​

​សមិទ្ធផល​ធំៗ​របស់​ជាតិ​ជាច្រើន កំពុង​រីក​ផុស​ឡើង​នៅ​ទូទាំងប្រទេស ពិសេស​ទឹកដី​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។ អ្វីដែល​យើងទាំងអស់គ្នា កំពុង​សារ​ទរ​ទៀត​នោះ គឺ​អណ្តូងរ៉ែ​ប្រេង ដែលជា​ធនធាន ដ៏​មានតម្លៃ​របស់​ជាតិ​យើង​នេះ នឹង​ក្លាយជា​ប្រភព​ថ្មី​មួយទៀត ក្នុងការ​ជំរុញ​ខឿនសេដ្ឋកិច្ច​ជាតិ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​រីកចម្រើន ធូរធារ​ឡើង​មួយ កម្រិត​ទៀត​នាពេល​អនាគត​។​

​មាន​សុខសន្តិភាព​ទើប​យើង​មានឱកាស​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ និង​កសាង​កិត្យានុភាព​ប្រទេស​យើង​នៅលើ​ឆាក​អន្តរជាតិ​ទៀតផង​។ សូម​ជនរួមជាតិ​ថែរក្សា​ស្មារតី​៧​មករា ក៏ដូចជា​ថែរក្សា​សុខសន្តិភាព ដើម្បី​កម្ពុជា​ឆ្ពោះទៅកាន់​វឌ្ឍនភាព និង​រុងរឿង​ថែមទៀត នាពេល​ខាងមុខនេះ​៕​រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×