Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​បន្ទាយស្រី នឹង​ចាប់​ឱ្យ​ក្រុមហ៊ុន​ទទួលខុសត្រូវ និង​ធ្វើ​កិច្ចសន្យា ប្រសិនបើ​នៅតែ​បន្តសកម្មភាព​អនាធិបតេយ្យ ដើរ​បិទ​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម តាម​ដើមឈើ​

​សៀមរាប ៖ លោក​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​សុក្រ​នេះ​ថា ចាប់ពី​ថ្ងៃនេះ​ទៅ ស្រុក​បន្ទាយស្រី នឹងមិន​អនុញ្ញាតឱ្យ​អ្នក​ផ្សាយពាណិជ្ជកម្ម ដើរ​បិទ​ស្លាក​ផ្សព្វផ្សាយ​ពាសវាល​ពាសកាល តាម​ដើមឈើ​ទៀត​ទេ​!​។
​លោក​អភិបាលស្រុក បាន​បញ្ជាក់ថា ក្រុមការងារ​ចម្រុះ​មួយ នឹង​ចាប់ផ្តើម​ដើរ​បក​ស្លាក​ទាំងអស់នេះ​ចេញ និង​មិនឱ្យ​បិទ​ឡើងវិញ​ឡើយ​។
​តែងតែ​ទើសភ្នែក​យូរហើយ ស្ទើរតែ​គ្រប់​ដើមឈើ​ទាំងអស់ នៅតាម​បណ្តោយ​ផ្លូវ​ទៅកាន់​ប្រាសាទបន្ទាយស្រី ត្រូវបាន​គ្រប់​ដណ្តប់​ទៅដោយ​ស្លាក​ផ្សាយពាណិជ្ជកម្ម​ស្អេកស្កះ យ៉ាង​អនាធិបតេយ្យ និង​មិនមាន​ច្បាប់​អនុញ្ញាត ធ្វើឱ្យប៉ះពាល់​ទៅដល់​សោភ័ណភាព​សាធារណៈ និង​ភាព​ស្អាត​នៃ​បរិស្ថាន​នៅក្នុង​ស្រុក មិន​សម​នឹង​ភ្នែក​អ្នកទេសចរ​រាប់លាន​នាក់​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​នេះ​។​

​ទម្លាប់​ល្អ​ត្រូវ​ចេញពី​រឿង​តូចតាច​ទៅ ហើយ​ដើមឈើ ក៏​មិនមែនជា​កន្លែង​សម្រាប់​ផ្សាយពាណិជ្ជកម្ម ដោយ​គ្មាន​ការទទួលខុសត្រូវ​នោះដែរ​។ អាច​ចាត់ទុកថា នេះ​ជា​សេចក្តីជូនដំណឹង ទុកជាមុន​ទៅដល់​ក្រុមហ៊ុន​ទាំងឡាយ ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ ក្នុងពេល​កន្លងមក ហើយ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ចាប់​ឱ្យ​ក្រុមហ៊ុន​ផ្ទាល់ ទទួលខុសត្រូវ និង​ធ្វើ​កិច្ចសន្យា ប្រសិនបើ​នៅតែ​បន្តសកម្មភាព​អនាធិបតេយ្យ​ដូច្នេះ​ត​ទៅមុខទៀត​។ ស្រួល​រកមុខ​ទេ ព្រោះ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​នៅលើ​ស្លាក​ទាំងនោះ​រួច​ស្រាប់​ហើយ​… ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×