Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្រសួងការពារជាតិ ដណ្តើមបាន​លេខ​១ ជើងឯក​ថ្នាក់ជាតិ​កីឡា​សីដក់​

​ភ្នំពេញ​៖CAMSOC​បាន​ឲ្យ​ដឹងថា ក្រុម​ក្រសួងការពារជាតិ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ លើ​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ នៅក្នុង​ការប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ បន្ទាប់ពី​បាន​យកឈ្នះ​លើ​គូប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់​នេះ ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​លើ​ក្រុម​មជ្ឈមណ្ឌល ខ​.​ភ​.​ម ដោយ​លទ្ធផល ២​សិត​ទល់​០ ក្នុង​ពិន្ទុ ២១​ទល់​១២ និង ២១​ទល់​១៣ ដោយ​ក្រុម​ក្រសួងការពារជាតិ​ដណ្តើមបាន​ជើងឯក ខណៈ​ក្រុម​មជ្ឈមណ្ឌល ខ​.​ភ​.​ម បាន​ត្រឹម​រងជើង​ឯក រីឯ​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម​ដេ​អិន​។ ចំពោះ​លទ្ធផល​ជ័យលាភី​២​វិញ្ញាសា​ទៀត​រួមមាន​៖ ផ្នែក​ក្រុម​នារី ២​នាក់​ទល់ ២​នាក់ ចំណាត់ថ្នាក់​លេខ​១ បាន​លើ​ក្រុម​មជ្ឈមណ្ឌល ខ​.​ភ​.​ម​, លេខ​២ ក្រុម​ក្រសួងការពារជាតិ​២ និង​លេខ​៣ ក្រុម​ក្រសួងការពារជាតិ​១​។ ក្រុម​បុរស ២​នាក់​ទល់​២​នាក់​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ក្រុម​ក្រសួងមហាផ្ទៃ​, លេខ​២ ក្រុម​ក្រសួងការពារជាតិ និង​លេខ​៣ ក្រុម​មជ្ឈមណ្ឌល ខ​.​ភ​.​ម​។​

​ឯកឧត្តម​បណ្ឌិត មាស សារិន ប្រធាន​សហព័ន្ធ​កីឡា​សីដក់ និង​ឈិន​ឡូ​ន​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ នា​ឆ្នាំ​២០២០​។ ជាការ​ពិតណាស់ ការប្រកួត​រយៈពេល​ពី​រ​ថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ កីឡាការិនី បញ្ចេញ​នូវ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ដែល​កីឡាករ កីឡាការិនី​ម្នាក់ៗ បាន​ហ្វឹកហាត់​កន្លងមក​។ លទ្ធផល​របស់​កីឡាករ កីឡាការិនី ដែល​ទទួល​ជ័យលាភី​នាពេលនេះ ពិតជា​បានមកពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ មាន​ការតស៊ូ​ព្យាយាម​គោរព​វិន័យ​បានល្អ យកចិត្តទុកដាក់ និង​គោរព​តាម​បទបញ្ជា​បច្ចេកទេស នៅក្នុង​ការប្រកួត​។ ជាមួយគ្នានេះ​ក៏​ជា​ឱកាស​ផ្តល់ជូន​គណៈកម្មការ​រៀប​ចំការ​ប្រកួត បាន​ដកស្រង់ និង​ពង្រីក​បទពិសោធន៍ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​រៀបចំ​ការប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ទស្ស​និជ​ន​។​

​ឯកឧត្តម​ប្រធាន​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ឆ្នាំ​២០២៣​ខាងមុខនេះ ហើយ​ដើម្បី​ឲ្យ​កីឡា​សីដក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​ទទួលបាន​លទ្ធផល​ល្អ​នៅពេល​ដ៏​ខ្លី​ខាងមុខ ឯកឧត្តម​បានផ្តល់​អនុសាសន៍​ដូចជា ១.​ត្រូវខិតខំ​បណ្តុះបណ្តាល​ថ្នាក់​ថ្នាល បង្កើន​បរិមាណ​កីឡាករ កីឡាការិនី ក្លឹប សមាគម កីឡា​សីដក់ ឱ្យបាន​ទូលំទូលាយ​។ ២.​ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល ចៅក្រម ឲ្យ​កាន់តែ​ល្អប្រសើរ​ទាំង​បរិមាណ និង​គុណភាព​។ ៣.​ត្រូវ​ជំរុញឱ្យមាន​ការរៀបចំ​ការប្រកួត​ឱ្យបាន​ច្រើន ការហ្វឹកហាត់​ជាប្រចាំ​នៅតាម បណ្តា​ក្លឹប សមាគម​។ ៤.​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ ក្លឹប សមាគម ទូទាំងប្រទេស​។ ៥.​ត្រូវ​ប្រឹងប្រែង​ស្វែងរក​ដៃគូ​អភិវឌ្ឍ​បន្ថែមទៀត ដើម្បី​បង្កើន​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន ក្នុង​មួយឆ្នាំ​តាម​ដែល​អាច​ធ្វើបាន​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត មាស សារិន បាន​កោតសរសើរ​ចំពោះ​ប្រតិភូ​ដឹកនាំ ក្លឹប សមាគម កីឡា​សីដក់ នៃ​ក្រសួង ស្ថាប័ន អង្គការ រាជធានី ទាំងអស់​ដែល​បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់ខ្លួន ចូលរួម​ក្នុងការ​ប្រកួត​ខាងលើ ប្រកបដោយ​ស្មារតី​មិត្តភាព សាមគ្គីភាព ការយោគយល់​គ្នា ហើយ​គោរព​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​មិន​គិតតែ​ពី​ការយក​ឈ្នះ​ចាញ់ ពោលគឺ​ឈរលើ​ស្មារតី កីឡា​ដើម្បី​សុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើន​គុណ​ផល​បច្ចេកទេស​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×