ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន (Moon Jae-in) បាននិយាយថាទំនាក់ទំនងកូរ៉េខាងត្បូងជាមួយនឹងអាមេរិចនៅតែរឹងមាំដូចដុំថ្ម ខណៈដែលរដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong-un)។ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព៌តមាន Reuters នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋបាលរបស់លោក ម៉ូនបានប្រឈមនឹងការចោទសួរពីអ្នកតំណាងរាស្រ្តកូរ៉េខាងត្បូងថាតើ កូរ៉េខាងត្បូង និងអាមេរិចមានភាពមិនចុះសំរុងគ្នាឬយ៉ាងណា លើគំនិត ឬគោលនយោបាយ ក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យកូរ៉េខាងជើងចូលរួមចរចារដើម្បីបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
លោកម៉ូន បានថ្លែងនៅក្នុងកិច្ចសម្ភាសន៏ដូច្នេះថា “ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ខ្ញុំអាចប្រាប់គាត់ឲ្យដឹងប្រសិនជាត្រូវការឲ្យគាត់ជួយក្នុងដំណើរការកិច្ចចរចាររវាងកូរ៉េទាំងពីរ ហើយគាត់គាំទ្រខ្ញុំ ១០០ភាគរយ”។
លោកថ្លែងទៀតថា “គោលដៅរបស់ខ្ញុំ គឺដោះស្រាយបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងធ្វើឲ្យមានសន្តិភាព”។
មន្រ្តីកូរ៉េខាងត្បូង រួមទាំងរដ្ឋមន្រ្តីការបរទេស Kang Kyung-hwa បានបដិសេធថា កូរ៉េខាងត្បូងមានភាពមិនចុះសំរុងគ្នាជាមួយនឹងអាមេរិច និងបាសង្កត់ធ្ងន់ថា កូរ៉េខាងជើងមានទំនាក់យ៉ាងជិតស្និទ្ធជាមួយនឹងអាមេរិចនៅរាល់គ្រប់ជំហាន ជុំវិញគោលនយោបាយលើកូរ៉េខាងជើង។
សូមបញ្ជាក់ថា កាលពីខែមករាកន្លងទៅ កូរ៉េខាងត្បូងបានជួបចរចារជាមួយនឹងកូរ៉េខាងជើងជាលើកដំបូងក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយ ហើយជាលទ្ធផលកូរ៉េខាងជើងបានសម្រេចបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមព្រឹត្តិការណ៏អូឡាំពិចរដូវរងា ដែលកំពុងតែប្រព្រឹត្តទៅ។
កូរ៉េខាងជើងគ្រោងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួនមកចូលរួមបិទព្រឹត្តិការណ៏អូឡាំពិចផងដែរ នៅនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យខាងមុខនេះ៕ សុភ័ក្ត្រ