Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្រោយពេល​ទទួលបាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ ត្រូវ​ចេះ​បង្កបង្កើន​ផលដំណាំ និង​បន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ

​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទី​២ និង​ភូមិ​ទី​៣ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ និង​ពិនិត្យ ការបូមទឹក ពី​ទន្លេមេគង្គ និង​ស្តារ​ប្រឡាយ​ព្រែក​គគីរ និង​ប្រឡាយ​ទួល​តាច​ក់ ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កំពុង ឧបត្ថម្ភ គាំទ្រ ដើម្បី​ស្រោចស្រព សង្គ្រោះ​ផ្ទៃដី​ចំការ​ដំណាំ និង​បន្លែ របស់​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ២០០​ហិកតា​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ពី​សុខទុក្ខ​និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា ឲ្យ​ពួកគាត់​មាន​សេចក្តីសុខ​សុភមង្គល និង​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរឡើង​។ ជាមួយនេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្រោយពេល​ទទួលបាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ហើយ​នោះ​ត្រូវ​ចេះ​បង្កបង្កើន​ផលដំណាំ និង​បន្លែ​ឲ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ ក៏ដូចជា​សម្រាប់​យកទៅ​ចែកចាយ​នៅតាម​ទីផ្សារ សំដៅ​ទទួលបាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផងដែរ​។ ដោយសារ​បច្ចុប្បន្ន​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីត​១៩​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​វិធានការ​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​លាង​សំអាត​ដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល​និង​ត្រូវ​ពាក់​ម៉ាស​ជាប្រចាំ ដើម្បី​ទប់ស្កាត់​ការចំលង​ជំងឺ​កូ​វីដ​១៩ កុំ​ឲ្យ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​បាន​។​

​ក្នុង​ថ្ងៃ​ដដែល​នោះដែរ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ​បាន​បន្ត ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោង ឃុំ​ក្រូចឆ្មារ និង​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ដើម្បី​ពិនិត្យ​លទ្ធភាព​រក្សា​ទឹក​ទុក​នៅ​រដូវ​ទឹក​ស្រក និង​ពិនិត្យ ការអន្តរាគមន៍​បូមទឹក ពី​ព្រែក​ចាម ចូលក្នុង​ប្រឡាយ​ប្រវែង ៤​គីឡូម៉ែត្រ ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កំពុងឧបត្ថម្ភ គាំទ្រ​ដើម្បី​ស្រោចស្រព សង្គ្រោះ​ផ្ទៃដី​ចំការ​ដំណាំ និង​បន្លែ របស់​ប្រជាពលរដ្ឋ​ចំនួន ៦​ភូមិ​សរុប​ប្រមាណ​២០០​ហិកតា​។ បន្ទាប់មក​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រួម​និង​ក្រុមការងារ​ក៏បាន​បន្ត ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ នៅ​ភូមិ​បារាយណ៍ ឃុំ​ឈូក និង​បាន​ចុះ​ពិនិត្យ​ការស្តារ​ប្រឡាយ​នៅ​ចំណុច​អូរ​ឃ្លី​វ និង​ចំណុច​បឹង​កា​ដេរ និង​ការអន្តរាគមន៍​បូមទឹក​ពី​បឹង​កា​ដេរ ដែល​បាន​ក្លាយជា​អាង​ស្តុក​ទឹកធម្មជាតិ ទំហំ​ជាង ៣០០​ហិកតា ក្រោយពេល​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សាងសង់​ទំនប់​ស្ទាក់​ទឹក​រួច​។

​បច្ចុប្បន្ន ប្រជាកសិករ​ចំនួន​២​ភូមិ គឺ​ភូមិ​បារាយណ៍ និង​ភូមិ​ក្របី​គ្រៀក ឃុំ​ឈូក សរុប​ជាង ៦០០​ខ្នង​ផ្ទះ ដែល​កន្លង​មកជួប​ប​ញ្ហា​ខ្វះ​ទឹក ស្រោចស្រព​ដំណាំ​និង​ស្រូវស្កក​បាត់​ផល​រាល់​ឆ្នាំ កំពុង​រីករាយ​ប្រើប្រាស់​ទឹក​បឹង​កា​ដេរ បង្កបង្កើនផល នៅលើ​ផ្ទៃដី​ជាង ១៥០០​ហិកតា​។ ក្រោយមក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​អញ្ជើញ បន្ត​ជួប​ប្រជាកសិករ នៅ​ភូមិ​ទី​១ ទី​២ ទី​៣ ទី​៤ និង​ទី​៥ នៃ​ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ និង​ពិនិត្យ​ការអន្តរាគមន៍​បូមទឹក ពី​បឹង​ធំ ចូល​ប្រឡាយ​អូរ​ឈ្លើង និង​ប្រឡាយ​បឹង​ត្រស់ ដើម្បី​ស្រោចស្រព ចំការ​ថ្នាំជក់ និង​ចំការពោត ប្រមាណ​ជាង​២៥០​ហិកតា​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×