ភ្នំពេញ៖នាព្រឹកថ្ងៃទី ១៤ ខែ មករាពិធីកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធមបំផុតក្នុងស្ថានទូតចិនប្រចាំកម្ពុជាដែលមានទីតាំង#156 លើមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ។ តបតាមសេចក្តីថ្វាយបង្គំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យស្តេចយាងកាត់ខ្សែបូសម្ពោធ"សួនមិត្តភាពកម្ពុជា-ចិន"ជាមួយ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងនៃកម្ពុជា លោកស្រី Zuo Wenxing ទីប្រឹក្សាកិច្ចការនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីទូតជាច្រើនរូបទៀតមានវត្តមានក្នុងពិធីសម្ពោធខាងលើ។ មុនពេលចាប់ផ្តើមនៃពិធីខាងលើ សម្តេចព្រះមហាក្សត្រីទ្រង់បានសព្វព្រះរាជហឫទ័យរាជានុញ្ញាត ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់។
សម្តេចព្រះមហាក្សត្រី មានព្រះបន្ទូលថា ទ្រង់មានក្តីសោមនស្សរីករាយជាពន់ពេកដែលបានតបតាមសេចក្តីថ្វាយបង្គំរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ដើម្បីជាអធិបតីក្នុងពិធីសម្ពោធខាងលើនេះ។ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” និងព្រះអង្គផ្ទាល់ជាមិត្តចាស់ មិត្តល្អ នៃប្រជាជនចិន។ ហើយព្រះអង្គមានក្តីរំភើបជាពន់ពេកដែល ឯកឧត្តម ប្រធានាធិបតីចិន Xi Jinping បានថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ជូនទ្រង់។ មហាកិត្តិយសនេះ មិនត្រឹមតែជារបស់ព្រះអង្គនោះទេ ក៏គឺជាមហាកិត្តិយសសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ថ្ងៃនេះព្រះអង្គក៏មានក្តីរំភើបជាខ្លាំងក្រោយពីបានទតឃើញដើមស្វាយដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្តេច”ព្រះបរមរតនកោដ្ឋ” និងព្រះអង្គផ្ទាល់ជូនចំពោះស្ថានទូតចិនមានការដុះលូតលាស់ល្អបែកមែកសាខាលាស់ស្លឹកខៀវខ្ចី និងសម្បូរទៅដោយផ្លែផ្កាជាច្រើនអនេក។ ព្រះអង្គបានថ្លែងអំណរគុណដល់មន្ត្រីស្ថានទូតគ្រប់ជំនាន់ដែលបានចូលរួមមើលថែរក្សាដើមស្វាយទាំងពីរនេះដោយយកចិត្តទុកដាក់បំផុត ហើយទ្រង់នឹងបន្តលើកកម្ពស់មិត្តភាពចិននិងកម្ពុជាកាន់តែជ្រាលជ្រៅថែមមួយកម្រិតទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានតំណាងឲ្យមន្ត្រីគ្រប់រូបក្នុងស្ថានទូតថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដែល សម្តេចព្រះមហាក្សត្រីបានឆ្លៀតពេលវេលាដ៏មមាញឹកដើម្បីយាងជាអធិបតីក្នុងពិធីសម្ពោធខាងលើដែលបានរៀបចំឡើងក្នុងស្ថានទូតចិន ហើយឯកឧត្តមក៏បានថ្វាយព្រះពរជាថ្មីម្តងទៀតក្នុងឱកាសព្រះអង្គទទួលបានគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងពេលថ្មីៗនេះ។ ឯកឧត្តមបានបន្តទៀតថា កាលពីឆ្នាំ ១៩៦៧ សម្តេច”ព្រះបរមរតនកោដ្ឋ” និងសម្តេចព្រះមហាក្សត្រី បានសព្វព្រះហឫទ័យប្រោសព្រះរាជទានកូនដើមស្វាយចំនួន ២ ដើម។ ឆ្លងកាត់រយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ ដើមស្វាយទាំងពីរដើមបានរីកធំធាត់បែកមែកលាស់ស្លឹកល្អ។ ប្រៀបដូចមិត្តភាពចិននិងកម្ពុជា ឆ្លងកាត់ការសាកល្បងនៃភាពប្រែប្រួលរបស់ពេលវេលានិងស្ថាភាពអន្តរជាតិកន្លងមកនេះ តែមិត្តភាពមួយនេះនៅតែអភិវឌ្ឍន៍រឹតតែរឹងមាំខ្លាំងក្លា។
ឯកឧត្តមមានប្រសាសន៍ថា "អ្នកជំនាន់មុនដាំដើមឈើ អ្នកជំនាន់ក្រោយទទួលបានម្លប់" នេះក៏ដូចជាមួយនឹងមិត្តភាពចិននិងកម្ពុជា ដែលស្ថិតក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីសម្តេច"ព្រះបរមរតនកោដ្ឋ"និងថ្នាក់ដឹកនាំចិនជំនាន់មុន ប្រទេសទាំងពីរទើបអាចក្លាយជា"មិត្តដែកថែប"និងសហគមន៍ជោគវាសនារួមដូចសព្វថ្ងៃនេះ។ ចិនមានសុភាសិតមួយតែងពោលថា"ផឹកទឹកមិនបំភ្លេចអ្នកជីកអណ្ដូង"ដើម្បីជាសេចក្ដីនឹករឭកនិងជាអនុស្សាវរីយ៍ដ៏ប្រពៃសម្រាប់ព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តមក្នុងការបីបាច់ថែរក្សាមិត្តភាពនៃប្រទេសទាំងពីរនេះ ក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយក្នុងការស្វែងយល់បន្ថែមនិងបន្តអភិវឌ្ឍន៍មិត្តភាពមួយនេះឲ្យកាន់តែល្អប្រសើរ ស្ថានទូតចិនបានប្រសិទ្ធនាមដល់សួនច្បារដែលមានដើមស្វាយទាំងពីរដើមនេះថា"សួនមិត្តភាពកម្ពុជា-ចិន"។ ថ្ងៃនេះ ស្ថិតក្រោមព្រះរាជវត្តមានដ៏ឧដុង្គឧត្តមបំផុតរបស់សម្តេចព្រះមហាក្សត្រីក្នុងពិធីសម្ពោធខាងលើនេះ នឹងធ្វើឲ្យសួនមិត្តភាពមួយនេះបង្កប់នូវអត្ថន័យកាន់តែជ្រាលជ្រៅថែមមួយកម្រិតទៀត។ ហើយស្ថានទូតចិននឹងបន្តថែរក្សាដើមស្វាយទាំងពីរនេះដោយយកចិត្តទុកដាក់បំផុត និងខិតខំបីបាច់បណ្ដុះពន្លកថ្មីៗជាច្រើនទៀត ដើម្បីអោយដើមស្វាយដែលជានិមិត្តរូបនៃមិត្តភាពចិននិងកម្ពុជា រីកលូតលាស់បន្តពីមួយជំនាន់ទៅមួយជំនាន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ