Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ​បណ្តា​ស្រុក​គួរ​ពិនិត្យ​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដើម្បី​រៀបចំ​សាលា​ឲ្យ​សិស្ស​បាន​ចូលរៀន​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១​ឡើងវិញ​

​បាត់ដំបង៖ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ជម្រុញ​ដល់​អាជ្ញាធរ​ស្រុក​ដែល​ទទួល​ពលករ​មក​ពី​ប្រទេស​ថៃ​និង​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនោះ ត្រូវ​ពិនិត្យ​ធ្វើការ​ផ្លាស់ប្តូរ​ទីតាំង​ថ្មី ដើម្បី​រៀបចំ​សាលា​ឲ្យ​សិស្ស​បាន​ចូលរៀន​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១​ឡើងវិញ ខណៈដែល​រដ្ឋបាលខេត្ត​និង​មន្ទីរ​សុខាភិបាល​បានរៀបចំ​ជាម​ណ្ឌ​ច​ត្តា​ឡី​ស័ក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​និង​ធ្វើតេស្ត​យក​វត្ថុ​សំណាក​រក​មេរោគ​កូ​វីដ​-19 ។​

​ការលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាលខេត្ត​បាត់ដំបង​ប្រចាំ​ខែធ្នូ​ឆ្នាំ​២០២០​កន្លងទៅ ដែល​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​ពី​ឯកឧត្តម​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាលខេត្ត​បាង់​ដំបង​។​

​លោក យី​សុង​គី ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០២០-២០២១ ដែលមាន​សាលារៀន​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង មិនបាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ដោយសារតែ​សាលារៀន​ទាំងនោះ ត្រូវបាន​រដ្ឋបាលខេត្ត​បាត់ដំបង កំណត់​យក​ធ្វើជា​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក ដើម្បី​ទទួល​បងប្អូន​ពលករ ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ​។​មាន​សាលា​ចំនួន​១៨​សាលា​ដែល​មិនទាន់បាន​បើក​បវេសនកាល​រួមមាន វិទ្យាល័យ​ចំនួន​០៧​សាលា​អនុវិទ្យាល័យ​ចំនួន​០៤​សាលា​និង​បឋមសិក្សា​ចំនួន​០៧​សាលា ក្នុងស្រុក​ចំនួន​១០ ហើយ​សិស្ស​ដែល​មិនបាន​ចូលរួម​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​គឺមាន​ចំនួន​សរុប​១៩.០៥៥​នាក់​និង​គ្រូ​ចំនួន ៧០៦​នាក់​។​បើ​យ៉ាងយូរ​ដំណាច់​ខែមករា​ឆ្នាំ​២០២១​នេះ សាលារៀន​ទាំង​និង​ដំណើរ​ការធម្មតា​ឡើងវិញ​។​នៅសល់តែ​សាលា​ចំនួន​៧ ប៉ុណ្ណោះ ដែល​អាច​ពន្យា​ពេល​យូរ ដោយសារ​សាលារៀន​ទាំងនោះ​នៅជាប់​បន្ត​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមរាប់​ពលករ​។ ក្នុងចំណោម​សាលា​ទាំង​០៧ មាន​វិទ្យាល័យ​ចំនួន​០២ អនុវិទ្យាល័យ​ចំនួន​១​និង​បឋមសិក្សា​ចំនួន​០៤ ដែល​ស្ថិត​ក្នុងស្រុក​ចំនួន​៣​គឺ​ស្រុក​កំរៀង ភ្នំព្រឹក​និង​ស្រុក​សំពៅ​លូន​។​ដោយឡែក​វិទ្យាល័យ​ចំនួន​០២​ទៀត គ្រោង​បើក​ឲ្យ​ចូលរៀន​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១​នេះ ក្នុងនោះ​មាន​វិទ្យាល័យ​ព្រះមុនីវង្ស​ក្នុង​ក្រុង​បាត់ដំបង​និង​វិទ្យាល័យ​ជ្រៃ​ក្នុងស្រុក​ថ្មគោល។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​មានប្រសាសន៍ថា​បើទោះបី​ស្ថានភាព​ពលករ​មកពី​ថៃ ខ្លះ​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន​ថ្ងៃ​ដែល​បានកំណត់​និង​បាន​ត្រួតពិនិត្យ​សុខភាព​និង​បាន​យក​វត្ថុ​សំណាក​ធ្វើតេស្ត​ជា​បន្តបន្ទាប់​និង​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​និង​ស្រុកកំណើត​របស់ខ្លួន​ហើយ​ក្តី​។​ប៉ុន្តែ​តែ​មកដល់​ត្រឹម​ថ្ងៃទី​១៣​ខែមករា​នេះ ចំនួន​បងប្អូន​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មណ្ឌល​នានា​តាម​បណ្តា​ស្រុក​មាន​ភូមិសាស្ត្រ​ជាប់​ព្រំដែន​ថៃ​និង​កំ​ពុ​ង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីនោះ មាន​ចំនួន​សរុប​ប្រមាណ​ជាង​១៤០០​នាក់ កំពុងតែ​ស្នាក់នៅ​មណ្ឌល​ទាំងនោះ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បានធ្វើ​ការណែនាំ​និង​ជម្រុញ​ឲ្យ​អាជ្ញាធរ​ស្រុក​ពាក់ព័ន្ធ​ដែលមាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​តាម​សាលារៀន គួរ​ធ្វើ​ការផ្ទេរ​ឬ​ផ្លាស់​ទីតាំងនូវ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​សាលារៀន​ធំៗ គួរ​បង្វែរ​រក​សាលារៀន​តូច​សមល្មម​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក​ជំនួស​វិញ ដើម្បី​យក​សាលា​ទាំងនោះ​ឲ្យ​សិស្ស​ដែលមាន​ចំនួន​ច្រើន​បាន​ចូលរៀន​ឡើងវិញ​។​ចំពោះ​បណ្តា​ស្រុក​ជាប់​និង​ព្រំដែន រដ្ឋបាលខេត្ត​និង​រិះរក​លទ្ធភាព​ក្នុងការ​ផ្ទេរ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនោះ​ទៅកាន់​ទីតាំង​សមស្រប ដើម្បី​ឲ្យ​សិស្ស​បាន​ចូលរៀន​ឡើងវិញ​ដូច​បណ្តា​សិស្ស​ដទៃទៀត​ក្នុង​ខេត្ត​ផងដែរ​៕ រក្សា​សិទ្ធិ ដោយ៖​អ៊ុង​សា​រុំ​

×