ខេត្តសៀមរាប៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី២២កុម្ភៈបានឲ្យដឹងថា បងប្អូនអាជីវករ ដែលប្រកបមុខរបរ ជាភ្នាក់ងារវេរលុយទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នចំពោះការបន្លំ។ ថ្ងៃ២២ កុម្ភៈនេះ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការបង្ហាញ រូបភាពនៃបទល្មើសថ្មី ដែលបង្កឡើង ដោយជនសង្ស័យម្នាក់បានធ្វើសកម្មភាព បន្លំដកយកប្រាក់ ពីជនរងគ្រោះ ដែលនគរបាលក្រុងសៀមរាបយើងខ្ញុំ សហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបធ្វើការបង្ក្រាបបានកាលពីថ្ងៃ២០ខែកុម្ភៈឆ្នាំ២០១៨នេះ។
រូបភាពនៃបទល្មើស បង្កឡើងដោយជនសង្ស័យនិងបក្ខពួក មានដូចជម្រាបជូនខាងក្រោមនេះ ៖ កាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៤៨នាទី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរ ចំនួន៨០០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយធ្វើការផ្ទេរទឹកប្រាក់ចំនួន១ដុល្លារ ទៅកាន់លេខទូរសព្ទ័ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួន រួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះសុទ្ធ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំដែលមាន ទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ដោយប្រាប់ថា មកដកប្រាក់ ចំនួន១០០០ដុល្លារ ពេលនោះប្អូនរបស់ជនរងគ្រោះឈ្មោះរ៉ែម សាហុច ភេទស្រី អាយុ២៣ឆ្នាំ ដែលជនរងគ្រោះពឹងអោយជួយមើលកន្លែងអាជីវកម្មរបស់ខ្លួន ក៏បានបញ្ចូលលេខកូដ ចូលម៉ាស៊ីន ក៏ស្រាប់តែចេញតួលេខចំនួនទឹកប្រាក់ ១.០០០ ដុល្លារ ស្មានតែចំនួនលុយ១០០០ដុល្លារ មែនក៏យកប្រាក់អោយជនសង្ស័យតែម្តង ។ ពេលបានលុយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។ តាមពិតលុយដែលជនសង្ស័យត្រូវដក គឺចំនួន១ដុល្លារ តែប៉ុណ្ណោះ តែជនសង្ស័យបានសរសេរក្នុងក្រដាសដកយកលុយចំនួន១០០០ដុល្លារ។ ដោយទីតាំងរបស់ខ្លួនមានបំពាក់កាមរ៉ាសុវត្តិភាព ជនរងគ្រោះក៏បានយករូបថតមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។
លុះដល់ថ្ងៃ២០ខែកុម្ភៈឆ្នាំ២០១៨វេលាម៉ោង១៩ ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងតែឈរចូលដកប្រាក់នៅកន្លែង ផ្ទេរប្រាក់ទ្រូម៉ាន់នី ដែលមានទីតាំង ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានភ្លាមៗតែម្តង នាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នគរបាលផ្នែកព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិចំរើនរិទ្ធ អធិការរង ទទួលព្រហ្មទណ្ឌ បានធ្វើការសាកសួរ និងបើកការស្រាវជ្រាវបន្ថែម ចំពោះបទល្មើស ដែលជនសង្ស័យ ឈ្មោះ សុខា បារាំង ភេទប្រុស អាយុ ៣២ឆ្នាំ ភេទ ប្រុស ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនរងគ្រោះបន្ថែមម្នាក់ទៀត មានឈ្មោះ អ៊ុយ សុខា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងកន្លែងវេរលុយ នៅចំណុចជិតបេនឡាន ចុងកៅស៊ូ ស្ថិតក្នុងក្រុមទី៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ក៏បានរងគ្រោះខាតបង់លុយអស់ចំនួន១ពាន់ដុល្លារ តែជនរងគ្រោះកន្លងមកមិនបានដាក់ពាក្យបណ្តឹងទេ ដែលបង្ករឡើងដោយជនសង្ស័យរូបនេះនិងបក្សពួកម្នាក់ទៀត ផងដែរ។
ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានប្រព្រឹត្ត បទល្មើសដូចការរៀបរាប់ខាងលើ បានចំនួន២លើក ទទួលបានលុយចំនួន២ពាន់ដុល្លារ យកទៅដើរស៉ីចាយអស់ហើយ។ វត្ថុតាងដែលនគរបាលយើងបានធ្វើការស្រាវជ្រាវនិងដកហូតបន្ថែមមាន ម៉ូតូម៉ាក វេសស្បា ពណ៍ខៀវផ្ទៃមេឃ លេខតួ+លេខម៉ាស៊ីន 1647544 ចំនួន១គ្រឿង ទូរសព្ទ័ចំនួន២គ្រឿង រួមជាមួយស៉ីមកាតជាច្រើនបន្ទះ វិក្កយបត្រវេរប្រាក់និងដកប្រាក់ជាច្រើនសន្លឹក។
ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ចំណែក បក្ខ ពួកជនសង្ស័យម្នាក់ទៀត នគរបាលយើង មានសាវតាជាតិគ្រប់គ្រាន់ កំពុងធ្វើការស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ