Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ម្ចាស់​ផ្ទះជួល​និង​ម្ចាស់​អាជីវកម្ម​អគ្គិសនី​ឯកជន ជិត​២០០​នាក់ មក​ណែនាំ ឱ្យ​បញ្ចុះ​ថ្លៃ​ផ្ទះ ដល់​កម្មករ​រោងចក្រ​

ភ្នំពេញ​៖ ម្ចាស់​ផ្ទះជួល ព្រមទាំង​អាជីវករ​អគ្គិសនី​ឯកជន ប្រមាណ ២០០​នាក់ ត្រូវបាន​អាជ្ញាធរ​ខណ្ឌដង្កោ កោះអញ្ជើញ​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដើម្បី​បញ្ចុះ​ថ្លៃ​ផ្ទះ ដល់​កម្មករ​រោងចក្រ ដែលមាន​មូលដ្ឋាន​ក្នុង​ខណ្ឌដង្កោ នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​។​

លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​អភិបាល​ខណ្ឌដង្កោ បាន​ថ្លែងថា ក្នុងឱកាស​នោះ បងប្អូន​ម្ចាស់​ផ្ទះជួល​ទាំងអស់​បាន​ប្តេជ្ញា​មិន​តម្លើង​ថ្លៃឈ្នួល​ផ្ទះ សម្រាប់​ឆ្នាំ​២០១៨ ក្នុងពេលដែល​កម្មករ កម្មការិនី ត្រូវបាន​តម្លើង​ប្រាក់ខែ​គោល ដល់ ១៧០​ដុល្លារ ក្នុង​មួយខែ ស្របតាម​អនុសាសន៍​អំពាវនាវ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

​លោក​អភិបាលខណ្ឌ​ស្នើសុំ​ឲ្យ​ម្ចាស់​ផ្ទះជួល​ទាំងអស់​សហការ​ឲ្យ​បានល្អ​ជាមួយ​អជ្ញាធរ​ភូមិ សង្កាត់ ប៉ុស្តិ៍ និង​រាយការណ៍​រាល់​បញ្ហា ការលំបាក​នានា ព្រមទាំង​ករណី​សង្ស័យ​ផ្សេងៗ ដើម្បី​អជ្ញាធរ​ចាត់វិធានការ និង​ដោះស្រាយបាន​ទាន់ពេលវេលា និង​ជាពិសេស ម្ចាស់​ផ្ទះជួល​ទាំងអស់ ត្រូវ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ជួល ដើម្បី​ងាយស្រួល​ពេល​ក្នុងការ​គ្រប់គ្រង​។​

​លោក​បន្តថា ចំពោះ​អនាម័យ​បរិស្ថាន​សូម​ឲ្យ​យកចិត្តទុកដាក់​សម្អាត ឲ្យ​បាន​ស្អាត និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ តាម​ម៉ោង​ពេល​កំណត់​។ ម្ចាស់​ផ្ទះជួល​ទាំងអស់​ស្នើសុំ​លិខិតអនុញ្ញាត​អាជីវកម្ម​ផ្ទះជួល ឲ្យ​បាន​ត្រឹមត្រូវ នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​
​ក្នុងនោះ​ចំពោះ​ម្ចាស់​អគ្គិសនី​ឯកជន ស្នើសុំ​កុំ​តម្លើងថ្លៃ​អគ្គិសនី និង​យក​ថ្លៃ​អគ្គិសនី ទៅតាម​តម្លៃ​ដែល​រដ្ឋ​បានកំណត់​។​

​ជាមួយគ្នា​ដែរ ម្ចាស់​ផ្ទះជួល​មួយចំនួន ក៏បាន​លើកឡើង​អំពី​កង្វល់ និង​បញ្ហា​នានា ដើម្បី​រដ្ឋបាល​ខណ្ឌ​ដោះស្រាយ ជូន​បាន​ទាន់ពេលវេលា​៕​ ​ដោយ​៖​ជាលី​

 

×