ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ ២០២១ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា សេចក្តីព្រាងច្បាប់ថ្មីក្នុងវិស័យពិការភាព ត្រូវបានលើកយកមកធ្វើការពិគ្រោះយោបល់ជាមួយជនមានពិការភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីបន្ថែមផលប្រយោជន៍សម្រាប់ជនមានពិការនាពេលអនាគត។
ឯកឧត្តមបានបន្ថែមថា យើងសង្ឃឹមថាច្បាប់នេះនឹងបង្កើនការផ្តល់អត្ថប្រយោជន៍ច្រើនបន្ថែមទៀតសម្រាប់ជនមានពិការភាព ដោយគិតតាំងពីការរស់នៅប្រចាំថ្ងៃ សុខភាព ការអប់រំ ការងារ វប្បធម៌ សិល្បៈ កីឡា។ល។
ពិសេសច្បាប់ថ្មីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់អនុសាសន៍សង្កត់ធ្ងន់រួចមកហើយពីអំពើម៉ាក់ងាយ ជេរប្រមាថជនមានពិការ គឺមិនអាចអត់អោនឱ្យបានទេ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ