Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី បារាំង សន្យានឹងបិទខ្ទប់មិនឲ្យក្រុមហ៊ុនបរទេសទិញដីកសិកម្មបារាំង

spot_img

ប្រសាសន៍របស់ប្រមុខរដ្ឋបារាំង ធ្វើឡើង នៅក្រោយមានរឿងអាស្រូវលក់ដីកសិកម្មជិត ២ពាន់ហិចតា នៅភាគកណ្តាលប្រទេសបារាំង ទៅឲ្យក្រុមហ៊ុនចិនកាន់កាប់ កាលពីឆ្នាំមុន។ នៅវិមានប្រធានាធិបតី ថ្ងៃទី ២២កុម្ភៈ ២០១៨ ប្រធានាធិបតី បារាំងសន្យាទៅកាន់កសិករវ័យក្មេងបារាំងថានឹងទប់ស្កាត់លែងឲ្យមានក្រុមហ៊ុនបរទេសទិញដីកសិកម្មបារាំង ។

នៅក្នុងវេទិកាជួបជាមួយកសិករវ័យក្មេងបារាំង ប្រមុខរដ្ឋបារាំង លោក Emmanuel Macron បានសន្យាថា លោកនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ កុំឲ្យក្រុមហ៊ុនបរទេសទិញដីកសិកម្មរបស់បារាំងតទៅ ទៀត។ “សម្រាប់ខ្ញុំ ដីកសិកម្មបារាំង គឺជាការវិនិយោគយុទ្ធសាស្រ្ត ដែលអធិបតេយ្យភាពរបស់ប្រទេសត្រូវពឹងអាស្រ័យលើទាំងស្រុង។ ដូច្នេះ យើងមិនអាចអនុញ្ញាតឲ្យដីកសិកម្មរាប់ពាន់ហិចតា ធ្លាក់ក្នុងដៃរបស់ជនបរទេស ដែលយើងមិនដឹងពីគោលបំណងពិតប្រាកដរបស់គេនោះទេ”។ លោកប្រធានាធិបតីបារាំង ចង់សំដៅដល់ការ ទិញវិនិយោគដីកសិកម្មបារាំង ពីសំណាក់ក្រុមហ៊ុនចិន ដែលកាលពីឆ្នាំទៅមួយ បានបណ្តាលឲ្យមតិរិះគន់ និងស្តាយស្រណោះក្នុងចំណោមជនជាតិបារាំង។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល២ឆ្នាំ ជាប់គ្នា គឺនៅឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ ក្រុមហ៊ុនចិនមួយឈ្មោះ Reward Group បានទិញដីកសិកម្ម២កន្លែង ជិត ២០០០ ហិចតា នៅក្នុងតំបន់ភាគកណ្តាលប្រទេសបារាំង។ បង្កើតឡើងនៅឆ្នាំ ១៩៩៥ ក្រុមហ៊ុនចិន Reward Group ដែលធ្វើជំនួញតាំងពីទេសចរណ៍ បច្ចេកវិទ្យា រហូតដល់កសិឧស្សាហកម្មបានសរសេរនៅលើវិបសៃតិ៍របស់ខ្លួនថា ការទិញដីកសិកម្មបារាំងស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្ត ប្រែក្លាយស្រែស្រូវសាឡីបារាំង ដើម្បី ចានបាយរបស់ប្រជាជនចិន។ ដោយធ្វើជាម្ចាស់ចំការស្រូវសាឡីរបស់បារាំង ក្រុមហ៊ុនចិនមានបំណងលើកកំពស់ស្តង់ដា គុណភាពម្សៅផលិតនំប៉័ង និងនំប្រទេសលោកខាងលិច នៅក្នុងប្រទេស​ចិន។ ដើម្បីផ្គង់ផ្គង់ តម្រូវក្នុងស្រុក ដែលចេះតែកើនឡើងជាមួយបរិមាណប្រជាជនចិន ក្រុមហ៊ុនចិនបានទិញវិនិយោគផងដែរ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នៅប្រទេសម៉ុងហ្គោលី។

ក្រុមហ៊ុនវិនិយោគចិន ក្លាយកាន់តែច្រើន ជាម្ចាស់ដីកសិកម្មដាំស្រូវសាឡី និងចំការទំពាំងបាយជូ របស់បារាំង។ ការវិនិយោគរបស់ក្រុមហ៊ុនប្រាក់រាប់លានរបស់ចិន បានបង្កើតឲ្យមានក្តីបារម្ភ និងជាឧបសគ្គ ប៉ះពាល់ដល់ការធ្វើជំនួញរបស់កសិករវ័យក្មេងបារាំង។ កសិករបារាំងបានត្អូញត្អែរថា ដោយសារតែការប្រជែងចង់បានរបស់ក្រុមហ៊ុនចិន ដីកសិកម្ម បារាំង បានឡើងថ្លៃ ដល់ទៅ ៣ដង ឬ៤ដង ប្រមាណ ១៥ ០០០អឺរ៉ូ ក្នុងមួយហិចតា ដែលជាតម្លៃខ្ពស់កប់ពពកសម្រាប់កសិករក្នុងស្រុក។

ដោយសារតែភាពមិនប្រក្រតីក្នុងការទិញលក់ដីកសិកម្មបារាំងទៅឲ្យក្រុមហ៊ុនចិន សភាបារាំង នៅដើមឆ្នាំ ២០១៧ បានបង្កើតច្បាប់ដើម្បីពង្រីកតួនាទីរបស់ក្រុមហ៊ុនគ្រប់គ្រងដី និងអគារជនបទ ដែលកន្លងមក ត្រូវបានគេមើលរំលង នៅក្នុងកិច្ចសន្យាទិញលក់ដីទៅឲ្យក្រុមហ៊ុនចិន។

បារាំងមិនមែនជាប្រទេសលើកដំបូងគេដែលចង់កម្រិតការវិនិយោគរបស់ក្រុមហ៊ុនចិន នៅក្នុងរឿងទិញកសិកម្មជាតិនោះទេ។ អូស្ត្រាលី នៅដើមខែនេះ ទើបបានចេញច្បាប់ថ្មីដើម្បី រឹតបន្តឹងលើជនបរទេស ដែលចង់ទិញដីកសិកម្មរបស់អូស្រ្តាលី នៅបន្ទាប់ពីមានការបារម្ភកន្លងមក ស្តីពីការពង្រីកសក្តានុពលរបស់ចិន នៅក្នុងទឹកដីបរទេស ដូចជានៅអាហ្វ្រិក ឬនៅកាណាដាជាដើម៕ សូយន

spot_img
×