Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ ១ម៉ឺននាក់ បន្ថែមទៀត ដើម្បីបំពេញតម្រូវការ

សៀមរាប៖ បច្ចុប្បន្ន កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥.០០០នាក់ និងមានតម្រូវការប្រមាណ ១ម៉ឺននាក់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាង៧លាននាក់ នៅឆ្នាំ២០២០ ខណៈឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរ ប្រមាណជាង៥លាននាក់។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារដែលទាក់ទងនឹងវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិ ប្រាប់ទៅកាន់ភ្ញៀវទេសចរផ្ទាល់ ដូច្នេះត្រូវចងចាំថា អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក។

ក្នុងឱកាសជួបជាមួយសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៤ សាស្រ្តា​ចារ្យ និងសិស្ស និស្សិត នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោករដ្ឋមន្ត្រីទេសចរណ៍ បានមានប្រសាសន៍ណែនាំឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរិតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកដោយនិរន្តរភាព និងការទទួលខុសត្រូវ។ មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងគោរពឲ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងជៀសវាងឲ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាស់ចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍៕ ដោយ៖បញ្ញាស័ក្តិ

×