ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងជំនួបជាមួយលោកស្រី លីណេ គ្រីស្តស្ទីន (Lene K. Chri stiansen) តំណាងអង្គការ UNFPA ប្រចាំកម្ពុជា ដើម្បីចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិការងារនៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការបរទេស។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិបានប្រាប់ក្រុមអ្នក សារព័ត៌មានក្រោយបញ្ចប់ជំនួបថា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា អង្គការ UNFPA បានជួយកម្ពុជា ផ្នែកសុខុមាលភាពមាតា ទារក មនុស្សពេញវ័យ យុវជននិងបញ្ហាសមភាព យេនឌ័រ និងសក្តានុពពលភាពរបស់ប្រជាជន។
លោកបានសម្តែងជឿជាក់ថា ភាពជាដៃគូររវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិក៏ដូចជាកម្ពុជាជាមួយមូលនិធិដើម្បីប្រជាជនរបស់អង្គការសហប្រជាជាតិគឺត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត នៅពេលខាងមុខ។
លោកស្រី លីណេ គ្រីស្តស្ទីន បានលើកឡើងពីកិច្ចសហការរវាងអង្គការមូលនិធិដើម្បីប្រជាជនរបស់ អង្គការសហប្រជាជាតិជាមួយរាជរដ្ឋាភិបាកម្ពុជា និងក្រសួងពាក់ព័ន្ធនានាក្នុងការអនុវត្តមូលនិធិប្រកបដោយចីរភាព និងជាដៃគូដ៏ជិតស្និទ្ធ។
លោកស្រីក៏បានបង្ហាញអំពីជំហររបស់កម្មវិធីមូលនិធិដើម្បីប្រជាជនរបស់អង្គការ សហប្រជាជាតិនៅតែ បន្តធ្វើការងារដៃគូដ៏ជិតស្និទ្ធសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកម្ពុជាឱ្យអនុវត្តន៍បាន សម្រេចនូវរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ដោយ៖បញ្ញាស័ក្តិ