ខេត្តព្រះសីហនុ៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ករណីរថយន្ត២គ្រឿងបុកគ្នាកាលពីវេលាម៉ោងជិត១២យប់ ថ្ងៃទី១៦មករា ឆ្នាំ២០២១ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៧-១៩៨។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 ទិសដៅភ្នំពេញ-ព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃបុករថយន្តម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2C-0818 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ(ស្លាប់នៅនិងកន្លែង) និងអ្នករួមដំណើរចំនួន ០៣នាក់ផ្សេងទៀត ទី១.ឈ្មោះ លីន អាយុ ២៩ឆ្នាំ(ស្លាប់នៅនិងកន្លែង) ទី២.ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ (រងរបួសធ្ងន់), ទី៣.ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ (រងរបួសធ្ងន់) អ្នកទាំងបួនមានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកអ្នករបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្តបង្ករបានរត់គេចខ្លួនបាត់ស្រមោល៕ រក្សាសិទ្ធិដោយ៖ កូលាបក្រហម