ប៉ៃលិន ៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយនឹងតំណាងធនាគារកាណាឌីយ៉ាប្រចាំខេត្តប៉ៃលិន ដែលកើតឡើងដោយសារមានបុគ្គលអាក្រក់ បានលួចធ្វើប្លង់លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅបញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ាអស់រយៈពេល១៥ឆ្នាំមកហើយ ត្រូវបានបញ្ចប់ជាស្ថាពរក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោ។
លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរសារលើផេកហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះថា អរគុណសន្តិភាព នឹករឮកបងប្អូនអ្នកប៉ៃលិន។ កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានចុះទៅសម្របសម្រួលដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឈានដល់ចុះកិច្ចសន្យាសះជា បញ្ចប់វិវាទជាស្ថាពររវាងប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយនឹងតំណាងធនាគារកាណាឌីយ៉ាប្រចាំខេត្តប៉ៃលិន។
លោកបានបន្តថា បញ្ហាវិវាទដីធ្លីនេះ គឺកើតឡើងដោយសារមានបុគ្គលអាក្រក់ បានលួចធ្វើប្លង់លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅបញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ាអស់រយៈពេល១៥ឆ្នាំមកហើយ រួមទាំង២ឆ្នាំចុងក្រោយដែលមានការប្រឈមដាក់គ្នាជាមួយធនាគារកាណាឌីយ៉ា។
ដោយគ្មានពន្លឺរកផ្លូវដោះស្រាយចេញបាន ជាចុងក្រោយប្រជាពលរដ្ឋបានដាក់ពាក្យគោរពសុំសម្តេចតេជោ ជួយពួកគាត់ផង ព្រោះបងប្អូនទាំងអស់គ្នា គឺជាអតីគ្រួសារសមាហរណកម្មពីខ្មែរក្រហម នៅអំឡុងឆ្នាំ១៩៩៦។
លោកដួង តារា បានមានប្រសាសន៍ថា ខ្ញុំបានអញ្ជើញភាគីទាំង២ មកសម្របសម្រួលដោះស្រាយ នៅវិមានសន្តិភាព និងចុងក្រោយនៅប៉ៃលិន កាលពីថ្ងៃទី៩មករា ២០២១កន្លងទៅនេះ ហើយក៏បានឈានដល់ការផ្តិតមេដៃ ព្រមទទួលយកម្នាក់ពាក់កណ្តាល គឺពលរដ្ឋព្រមទទួលយក៥០% ជាដីឬលុយ រីឯធនាគារព្រមទទួល៥០% ជាដីឬលុយ ទៅតាមជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងករណីដែលពលរដ្ឋសម្រេចយកដី១០០% គឺធនាគារនឹងសម្រួលឲ្យខ្ចីលុយដែលមានការប្រាក់ទាបជាងទីផ្សារ ដែលមានរយៈពេល៥ឆ្នាំ ប្រសិនបើពលរដ្ឋមានលទ្ធភាពបង់បញ្ចប់ មុនកិច្ចសន្យាខ្ចីក៏បាន ដោយគ្មានការពិន័យអ្វីឡើយ។
ខ្ញុំសប្បាយរីករាយដែលភាគីទាំង២ បានជ្រើសរើសយកដំណោះស្រាយឈ្នះឈ្នះ តាមគោលការណ៍សម្តេចតេជោ។ ខ្ញុំអរគុណដល់ធនាគារកាណាឌីយ៉ា ដែលបានបន្ទន់ឥរិយាបថល្អ ចូលរួមដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយមិនយកឥទ្ធិពលធនាគារមកដាក់ពីមុខ ហើយខ្ញុំសង្ឃឹមថា យើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហាវិវាទដទៃៗទៀត ជួយពលរដ្ឋសម្តេច នៅគ្រប់ទីកន្លែងដើម្បីយើងរស់នៅសុខសប្បាយជាមួយគ្នា នៅក្រោមដំបូលសន្តិភាពតែមួយ។ ពិតណាស់ មានសម្តេចតេជោ គឺពិតជាមានដំណោះស្រាយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ