Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាឲ្យអភិបាលខេត្តកោះកុង ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ត្រូវឆ្លើយតបលើគម្រោងបូមខ្សាច់ដាក់សមុទ្រ របស់ឧកញ៉ា ជា លាងហុង

spot_img

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងប្រតិកម្មខ្លាំងៗចំពោះគម្រោងបូមខ្សាច់ដាក់សមុទ្រ របស់ឧកញ៉ា ជា លាងហុងដើម្បីបង្កើតទៅជាទីក្រុង ដែលផ្សាយតាមព័ត៌មាននានា ហើយបានបញ្ជាឲ្យអភិបាលខេត្តកោះកុង ក្រសួងរៀបចំដែនដី និងក្រសួងបរិស្ថាន ត្រូវឆ្លើយតបលើបញ្ហានេះ។

សូមជំរាបថា សារព័ត៌មានមួយចំនួនបានចុះផ្សាយថា៖ ឧកញ៉ា ជា លាងហុង ហ៊ានទិញដីតំបន់សហគមន៍​១៣​ហិកតា ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ដីប្រមាណ២ហិកតា ក្នុងចំណោម១៣ហិកតា ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញ។

នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច​អញ្ជើញជាអធិបតីបិទ​សន្និសីទជាតិស្តីពី កំណែទម្រង់​​វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ​ឥឡូវឮថា គេបូមខ្សាច់ដាក់សមុទ្រ​ បង្កើតទៅជាស្ថានភាពទីក្រុង អាហ្នឹង​អ្នកណាឲ្យធ្វើ សួរមួយអត់ដឹង ពីរអត់ដឹង ចឹងអស់លោកទៅធ្វើអី នេះជាចំណុចដែលយើងត្រូវនិយាយ ខ្ញុំមិនដឹងថាប្រាកដ ឬមិនប្រាកដនោះទេ ព្រោះមានការផ្សាយតាមទូរ​ទស្សន៍ ការផ្សាយតាមកាសែតហើយ ក៏ប៉ុន្ដែមិនទាន់មានការ បញ្ជាក់ណាមួយនៅឡើយទេ អាហ្នឹងបើនិយាយ​ពីស្ថាប័ន គឺភារកិច្ចរបស់ ​ជា សុផារ៉ា ភារកិច្ចរបស់ សាយ សំអាល់ ហើយមើលៗអាហ្នឹងវាយ៉ាងមិច បានជាហ៊ានទន្ទានយកដីរដ្ឋក្នុង តំបន់ព្រៃកោងកាង ដែលត្រូវការពារហើយបូមដីដាក់ បូមខ្សាច់យកមកដាក់ហើយចង់បង្កើតទៅជាទីក្រុង។ ប៉ុន្មានថ្ងៃនេះអត់ឮសូរស្ថាប័នណាប្រតិកម្ម ជាមួយការចុះផ្សាយនេះទេ តើវាយ៉ាងមិច ចឹងទេអភិបាលខេត្តកោះកុង ត្រូវធ្វើការឆ្លើយតបមើល តើវាយ៉ាងមិចរឿងហ្នឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក៏ដូចជាក្រសួងបរិស្ថាន ដែលទទួលបន្ទុកទៅការទទួលការពារ ធនធានធម្មជាតិ ត្រូវឆ្លើយតបយ៉ាងមិច ហើយអភិបាលខេត្តកោះកុងជាស្ដ្រីផង យេនឌ័រ តែមិនមែនថាយេន​ឌ័រ ត្រូវបានទទួលការលើលែង មិនស្ដីបន្ទោសទេណាអត់ទេ ព្រោះនេះជាភារកិច្ច។

សម្តេចបានថ្លែងថា ចាប់តាំងពីបានឮនូវព័ត៌មាននេះ មិនទាន់ឃើញមានរដ្ឋមន្ដ្រីពាក់ព័ន្ធ ពិសេសរដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងអភិបាលខេត្តកោះកុងផ្ទាល់តែម្ដង មិនទាន់ការឆ្លើយតប ឬប្រតិកម្មយ៉ាងណាចំពោះការលេចឮនោះនៅឡើយទេ។ ការប្រគល់តួនាទី ឬតំណែងឲ្យទៅមន្ដ្រីណាម្នាក់ មិនឲ្យយកទៅលំអរ និងដើរសំញ៉ែងគេឯងនោះទេ គឺត្រូវមានការទទួលខុសត្រូវចំពោះសមត្ថកិច្ចដែនដីរបស់ខ្លួន និងចាំបាច់ត្រូវតែបម្រើប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដី​តំបន់ឆ្នេរ និង​សហគមន៍​ទំហំ​ជាង​​ ១៣ ​ហិកតា​ដែល​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែនជម្រក​សត្វព្រៃ​ពាម​ក្រសោប​ ត្រូវ​បាន​គេ​លក់​ឲ្យ​ឧកញ៉ា​ម្នាក់ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ស៊ី​ញ៉េ​ទទួល​ស្គាល់​ផង​ដែរ​។

ក្រោយពី​លក់​ឲ្យ​លោក​ឧកញ៉ា​រួច​ហើយ ដី​ទំហំ​ប្រមាណ​ជា​ ២ ហិកតា ក្នុង​ចំណោម​ជាង​ ១៣​ ហិកតា​ដែល​ស្ថិត​ក្នុង​ភូមិ​ស្ទឹង​វែង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ត្រូវ​បាន​គេ​លួច​បូម​ខ្សាច់​ចាក់​បំពេញ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន​។ ការ​បូម​ខ្សាច់​នោះ​ត្រូវ​បាន​ផ្អាក ហើយ​ឧបករណ៍​បូម​ត្រូវ​បាន​គេ​រើ​ចេញ​ស្ទើរ​អស់​នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ក្រុង និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧​។ អាជ្ញាធរ​ខេត្ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស៊ើបអង្កេត​ពី​បទល្មើស​នេះ​។

លិខិត​លក់​ទិញ​ដីធ្លី​មួយ​មាន​ចុះហត្ថលេខា​អតីត​មេភូមិ និង​អតីត​ចៅសង្កាត់​ស្ទឹងវែង​ កាលពី​ថ្ងៃ​ទី​ ៩ ខែ​មីនា​ឆ្នាំ​ ២០១៧ ​លោក​ សុខ គឹមហុង និង​ភរិយា​ឈ្មោះ​ ស៊ីវ ជូ រស់នៅ​ក្នុង​ភូមិ​ ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​បាន​លក់​ដី​ចំនួន​សរុប​ ១៣៣ ៩៦០ ​ម៉ែត្រក្រឡា​ស្មើ​នឹង​ ១៣៣៩៦ ​ហិកតា​ឲ្យ​ទៅ​ឈ្មោះ​ ជា លាងហុង ដែល​ជា​ឧកញ៉ា​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដី​ជាង ​១៣ ហិកតា​នោះ​មាន​ ៣ ​ក្បាល​ដី​ផ្សេងៗ​គ្នា​ដែល​មាន​ព្រំ​ប្រទល់​ខាង​ត្បូង និង​ខាងលិច​ទល់​នឹង​សមុទ្រ ជា​តំបន់​ឆ្នេរ និង​ព្រៃកោងកាង៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×