ប៉ូលីសបានបញ្ចេញវីដេអូពីកាមេរ៉ាឃ្លាំមើលដ៏គួរឲ្យស្លុតរន្ធត់មួយ ដោយបង្ហាញឲ្យឃើញខណៈពេលដែលបុរសម្នាក់ បានចាប់ជំរិតនារីស្លៀកប៊ីគីនីម្នាក់ ពីហាងកាហ្វេមួយ ។
វីដេអូបានបង្ហាញឲ្យឃើញបុរសម្នាក់ប្រដាប់កាំបិតនៅដៃ បានឡើងចូលតាមបង្អួច នៃហាងកាហ្វេ Hottie Shots Espresso ស្ថិតនៅក្នុងទីក្រុង Washington ។
បុរសនោះបានលបឆ្មក់ចូលទៅក្នុងហាងនោះ នៅវេលាម៉ោង ៤ និង ៤៥ នាទី ទៀបភ្លឺ និងចាប់បង្ខំឲ្យនារីស្លៀកប៊ីគីនី ឡើងចេញតាមបង្អួច ។
បុរសរូបនោះ បន្ទាប់មក បានព្យាយាមរំលោភនាង ។ ស្ត្រីរងគ្រោះឈ្មោះ Madeline Guinto អាយុ ៣០ ឆ្នាំ បាននិយាយថា នាងបានធ្វើការវាយតបតនឹងជនរូបនោះវិញផងដែរ ហើយទីបំផុត បុរសរូបនោះបានរត់គេចខ្លួន នៅពេលរូបគេបានឃើញភ្លៀងរថយន្ត១គ្រឿង ដែលកំពុងចូលមកដល់ហាង ។
ស្ត្រីរងគ្រោះនិយាយថា នាងបានរងរបួសរលាត់ស្បែក និងជាំសាច់ច្រើនកន្លែង ប៉ុន្តែ ពុំធ្ងន់ធ្ងរនោះទេ ។
នាយកដ្ឋានប៉ូលីស Kent បានអំពាវដល់អ្នកដែលបានស្គាល់ជនសង្ស័យ ជួយផ្តល់ព័ត៌មានដល់ពួកគេផង ដើម្បីចាប់ខ្លួនជនរូបនេះមកកាត់ទោសតាមផ្លូវច្បាប់ ។
ភ្លាមៗនោះ ប៉ូលីសបានទទួលព័ត៌មានពីបុរសម្នាក់ឈ្មោះ Chris Chelemedos ដែលបានបញ្ជាក់ថា គាត់គឺជាថៅកែរបស់ជនសង្ស័យ ។ លោក Chelemedos និយាយថា Michael Reynolds អាយុ ៣៣ ឆ្នាំ ធ្វើឲ្យគាត់អស់រយៈពេល ៥ ខែ មុននេះ ។
លោក Chelemedos ថៅកែក្រុមហ៊ុនចែកចាយ A-1 , ឃ្លាំងគ្រឿងសង្ហារឹម បានស្គាល់ Reynolds តាមរយៈសម្លៀកបំពាក់ដែលរូបគេស្លៀកធ្វើសកម្មភាព ។ ព្រោះថា Reynolds បានស្លៀកខោអាវដដែលនេះ មកធ្វើការរៀងរាល់ថ្ងៃ ។
ថៅកែរូបនេះបាននិយាយថា គាត់ពិតជាមានការស្លុតរន្ធត់ជាខ្លាំង នៅពេលគាត់បានឃើញវីដេអូនេះ និងសឹងតែពុំជឿភ្នែកថា បុរសក្នុងវីដេអូគឺកូនចៅរបស់ខ្លួន ។
សូមបញ្ជាក់ថា Reynolds ត្រូវបានដោះលែងពីពន្ធនាគារ ៥ ខែមកហើយ បន្ទាប់ជាប់ពន្ធនាគារ ១២ ឆ្នាំ ក្នុងករណីប្លន់ និងការលបលួចចូល ៕ ចន្ទី