ប្រទេសផ្តាច់ការកូរ៉េខាងជើងនឹងបញ្ជូនមន្រ្តីជាន់ខ្ពស់បំផុតម្នាក់របស់ខ្លួន គឺឧត្តមសេនីយ៏ Kim Yong-chol ដើម្បីទៅចូលរួមការបិទព្រឹត្តិការណ៏អូឡាំពិចនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់ BBC។
លោក Kim Yong-chol ធ្លាប់ធ្វើប្រធានភ្នាក់ងារស៊ើបការណ៏របស់កូរ៉េខាងជើង និងត្រូវបានគេជឿជាក់ថា ជាអ្នករៀបផែនការវាយប្រហារជាច្រើនលើប្រទេសកូរ៉េខាងត្បូង។ ភ្នាក់ងារស៊ើបការណ៏របស់លោកត្រូវបានគេចោទប្រកាន់ថាជាមេក្លោង ក្នុងការវាយប្រហារលើកូរ៉េខាងជើង រួមមាន ការវាយប្រហារលើនាវាកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងកាលពីឆ្នាំ ២០១០ ដែលបណ្តាលឲ្យមនុស្ស ៤៦នាក់ស្លាប់។
លោកនឹងត្រូវដឹកនាំគណៈប្រតិភូមកស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៣ថ្ងៃ និងត្រូវគេរំពឹងថានឹងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន។
សូមបញ្ជាក់ថា បច្ចុប្បន្ន អត្តពលិកកូរ៉េខាងជើងកំពុងចូលរួមព្រឹត្តិការណ៏អូឡាំពិចរដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រឹត្តិការណ៏នោះបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ៩ កុម្ភះ នឹងត្រូវបញ្ចប់នៅថ្ងៃទី ២៥ ដែលត្រូវនឹងថ្ងៃអាទិត្យខាងមុខ។
វត្តមានរបស់កូរ៉េខាងជើងនៅក្នុងព្រឹត្តិការណ៏កីឡាត្រូវបានគេមើលឃើញថា ជាការរលាយបាត់ភាពតានតឹងក្នុងទំនាក់ទំនងរបស់កូរ៉េទាំងពីរ ទោះយ៉ាងណា មានការព្រួយបារម្ភថា កូរ៉េខាងជើង បានប្រើប្រាស់ព្រឹត្តិការណ៏នេះដើម្បីគ្រាន់តែបង្កើតទិដ្ឋភាពរបស់ខ្លួនប៉ុណ្ណោះ៕