ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីចូលរួមក្នុងពិធីប្រគល់-ទទួលសម្ភារ:សម្រាប់បម្រើវិស័យសកម្មភាពមីននៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានសំដែងនូវអំណរគុណ និងដឹងគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រជំនួយជា សម្ភារៈបម្រើដល់ការបោសសម្អាតមីននៅកម្ពុជា ដើម្បីអោយកម្ពុជាអាចសម្រេចបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥។
ឯកឧត្តម Wang Wentian បានមានប្រសាសន៍ថាទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនង ដែកថែបដ៏រឹងមាំយូរអង្វែង និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិនបានសន្យាគាំទ្រ និងចូលរួមជាមួយកម្ពុជាឆ្ពោះទៅរកកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ។
សម្ភារ:ទាំងនេះ គិតជាទឹកប្រាក់ប្រមាណ១លានដុល្លារ រួមមាន៖ ១/រថយន្ត Pick Up ចំនួន ០៨ គ្រឿង ២/ឧបករណ៍រាវមីន ចំនួន ១៣០ គ្រឿង ៣/សម្ភារៈដោះមីនចំនួន ១០០ ឈុត ៤/សម្ភារ:កម្ទេចគ្រឿងផ្ទុះ (EOD) ចំនួន ២០ ឈុត ៥/បរិក្ខាការពារខ្លួនចំនួន ១០ កំផ្លេ ៦/ដ្រូន (UAV) ចំនួន ០៤ គ្រឿង ៧/ឯកសណ្ឋាន ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និង៨/តង់ចំនួន ៥០០ តង់។សូមបញ្ចាក់ថា ក្រៅពីប្រទេសចិន បច្ចុប្បន្ននេះ កម្ពុជា មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វីស ណូវែលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដល់វិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២,១៣៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,០៩៥,៧៥០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមានអ្នកទទួលផល ៦,៣៥៧,៨៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២,១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ