ថ្នាក់ដឹកនាំ និងមន្រ្តីរបស់អង្គការ People for Care Learning សរុបចំនួន៣៣នាក់ បានធ្វើទស្សនកិច្ចសិក្សាវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីសិក្សាស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា និងច្បាប់សំខាន់ៗមួយចំនួនរបស់កម្ពុជា។
ដំណើរទស្សនកិច្ចដែលដឹកនាំដោយ លោក Travis Christian Johnson នាយកប្រតិបត្តិអង្គការ People for Care Learning បានទទួលស្វាគមន៍ និងធ្វើបទបង្ហាញដោយ លោក កែប ជុតិមា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ។
អង្គការ People for Care Learning ជាអង្គការមនុស្សធម៌មួយ ជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកសុខភាព ទឹកស្អាត និងការអភិវឌ្ឍធនធានមនុស្ស និងជួយក្មេងកំព្រានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោក តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានជម្រាបជូនប្រតិភូអង្គការ People for Care Learning ពីរចនាសម្ព័ន្ធ និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រមទំាងតួនាទី និងភារកិច្ចរបស់តំណាងរាស្រ្ត។
លោក កែប ជុតិមា បានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភាជាសេនាធិការដ្ឋបាលរបស់រដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភាមានភារកិច្ច ផ្តល់សេវារដ្ឋបាល បច្ចេកទេស និងថវិកា ដើម្បីបង្កលក្ខណៈងាយស្រួយជូនសមាជិករដ្ឋសភាទំាងអស់បំពេញភារកិច្ចតួនាទីជូនពលរដ្ឋជាអចិន្រ្តៃយ៍។
លោក តំណាងរាស្រ្ត បានលើកឡើងពីភារកិច្ចតួនាទីរបស់តំណាងរាស្រ្ត និងការងារផ្សេងៗទៀត ដែលសមាជិកសមាជិការដ្ឋសភាបានបំពេញជូន ជាតិ និងពលរដ្ឋ។ លោក បានគូសបញ្ជាក់ថា រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិមានតួនាទីសំខាន់ៗចំនួនបី គឺតាក់តែង និងអនុម័តច្បាប់ ឃ្លាំមើលការ អនុវត្តច្បាប់ និងភាពជាតំណាងពលរដ្ឋ។
លោក តំណាងរាស្រ្ត បានជម្រាបទៅកាន់ប្រតិភូអង្គការ People for Care Learning បន្តទៀតថា ក្រៅពីការបំពេញការងារនៅក្នុងប្រទេស រដ្ឋសភា បានបំពេញតួនាទីនៅលើឆាកអន្តរជាតិផងដែរ តាមរយៈបេសកកម្មការទូតសភា ក្នុងការបង្កើត និងជំរុញកិច្ចសហប្រតិបត្តិការជាមួយសភាបណ្តា ប្រទេសក្នុងតំបន់ និងអន្តរជាតិ។
លោក បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពសភា ជាមួយសភាប្រទេសជាច្រើន។ ជាមួយគ្នានេះរដ្ឋសភាកម្ពុជា ជាសមាជិក និងជាស្ថាបនិកអង្គការឬវេទិកាសភាជាច្រើនទៀត ដែលមានដូចជាសហភាពអន្តរសភា(IPU) សភាតំបន់អាស៊ី(APA) អន្តរសភាអាស៊ាន (AIPA) អង្គការសភាបណ្តាប្រទេសនិយាយភាសាបារាំង(APF) ឬវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) ជាដើម។
លោក កែប ជុតិមា បានឲ្យដឹងថា កម្ពុជាមានរដ្ឋសភាតាំងពីឆ្នាំ១៩៤៦ ហើយរដ្ឋសភាកម្ពុជាបានផ្លាស់ប្តូរ និងវិវត្តន៍ តាមរបបដឹកនាំជាច្រើនដំណាក់ កាល។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទី២ ដែលមកដល់ពេលនេះ មានអាយុកាល៥អាណត្តិមកហើយនោះ បានកើតឡើងពីការបោះឆ្នោតនៅ រៀងរាល់៥ឆ្នាំម្តង។ ភារកិច្ច និងតួនាទីរបស់រដ្ឋសភា បានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
លោក Travis Christian Johnson ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា ដែលបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្រ្តីអង្គការ People for Care Learning បានចូលទស្សនាវិមានរដ្ឋសភាដោយផ្ទាល់ និងបានសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចរបស់រដ្ឋសភានាពេលនេះ។ លោក Travis Christian Johnson បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានធ្វើឲ្យក្រុមលោកបានយល់ដឹងកាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា កម្ពុជា ពិសេសបានយល់ពីច្បាប់សំខាន់ៗរបស់កម្ពុជា ពិសេសរដ្ឋធម្មនុញ្ញ៕ ដោយ៖បញ្ញាស័ក្តិ