ឧត្តរមានជ័យ ៖ ជនល្មើសមួយក្រុម បានយកគ្រាប់បែកកែច្នៃ គប់ចូលក្នុងផ្ទះលក់ឥវ៉ាន់ចាប់ហួយ បណ្តាលឲ្យផ្ទុះត្រូវម្ចាស់ផ្ទះម្នាក់រងរបួស និងខូចខាតអីវ៉ាន់លក់ដូរមួយចំនួន ។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ទី ២២ ខែមីនា ឆ្នាំ២០១៨ ម៉ោង ២២ មានករណីឃាតកម្មមិនបានសម្រេច១ ករណី (គប់គ្រាប់បែកច្នៃ) បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានគប់គ្រាប់បែកច្នៃចូលផ្ទះជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យស្រ្តីជាប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤៥ ឆ្នាំ រងរបួសស្រាល ដោយដាច់រលាត់ត្រង់កជើង ថ្ងាស់ និងគល់ភ្លៅខាងឆ្វេង ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ ។
ក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញខេត្ត និងស្រុក ចុះស៊ើបអង្កេតស្រាវជ្រាវកន្លែងកើតហេតុ រកឃើញបំណែកគ្រប់បែកច្នៃកំប៉ុងជាច្រើនបំណែក។
លោកឧត្តមសេនីយត្រីស្នងការរង បានបន្ថែមថា ឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញកន្លែងកើតហេតុពីកម្លាំងជំនាញ និងការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ សន្និដ្ឋានថាជារឿងគំនុំ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញា៕ ដោយ៖បញ្ញាស័ក្តិ