Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២១ ខែមករា​

​ភ្នំពេញៈ តប​តាម​ការ​អញ្ជើញលោក ដា​តូ អ៊ី​រី​វ៉ាន់ ពើ​ហ៊ី​ន យូ​ស៊ូ​ហ៍ រដ្ឋមន្ត្រីការបរទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ តាម​ប្រ​ព័​ន្ឋ​វីដេអូ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួងការបរទេស​បាន​បន្តថា កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នឹង​ពិនិត្យមើល​ការអនុវត្ត​ផែនការ​ការងារ​នានា​ដែល​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ទី​៣៧ ស្ដីពី​ការ​ពិនិត្យមើល​ឡើងវិញ​នូវ​ផែនការ​លំអិត​របស់​អា​ស៊ាន វិធី​និង​មធ្យោបាយ​នានា ដើម្បី​សម្រេចបាន​នូវ​ការកសាង​សហគមន៍​អាស៊ាន ដោយ​ផ្អែកលើ​បរិបទ​សកលលោក​នាពេល​បច្ចុប្បន្ន និង​ជំងឺ​រាតត្បាត​ជាស​កល​កូ​វីដ​-១៩ និង​កំណត់​ទិសដៅ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក៏​នឹង​ពិភាក្សា​ផងដែរ អំពី​ផែនការ​ស្តារ​សេដ្ឋកិច្ច​អាស៊ាន ក្រោយពី​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​សហគមន៍​ពិភពលោក​។​

​ប្រទេស​ប្រ៊ុយណេ​ដា​រ៉ូ​សា​ឡឹម នឹង​ដឹកនាំ​ដំណើរការ​អាស៊ាន​នា​ឆ្នាំនេះ ក្រោម​មូលបទ​«​យើង​យកចិត្តទុកដាក់​, យើង​ត្រៀមលក្ខណៈ​, យើង​រីកចំរើន​» ជាមួយនឹង​ចំណុច​អាទិភាព​គន្លឹះ​ចំនួន​បី ដែល​ផ្តោតជាសំខាន់​ទៅលើ ១) ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​យកចិត្តទុកដាក់​របស់​អាស៊ាន ២) ត្រៀមលក្ខណៈ និង​សម្រប​ខ្លួន​សម្រាប់​ពេលអនាគត និង ៣) បង្កើត​ឱកាស​សម្រាប់​កាលានុវត្តភាព​របស់​ប្រជាជន​អាស៊ាន​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×