ភ្នំពេញ-ព្រឹត្តិការណ៍ធំៗ នឹងត្រូវបានប្រព្រឹត្តឡើង ខណៈពេលដែលលោក អ៊ិន សុភិន បានជាប់ឈ្មោះក្នុងតំណែងអនុប្រធានសមាគមភាពយន្តកម្ពុជា លោក បានអះអាងថា នឹងមានព្រឹត្តិការណ៍ធំមួយកើតឡើង។
លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ត្រូវបានអង្គពិធីបោះឆ្នោតអោយក្លាយជាអនុប្រធាន ខណៈដែលប្រធានសមាគមគឺនៅតែបានទៅលើលោកឆាយ បូរ៉ា ដដែល ដោយខាងសមាគមនឹងសម្រេចរៀបចំកម្មវិធីធំមួយក្នុងពេលដ៏ខ្លីដើម្បីប្រកាសអោយដឹងពីសមាសភាពដែលទើបជាប់ឆ្នោតនោះផង។
សូមរំលឹកថា កាលពីថ្ងៃទី២១ កុម្ភៈ ជាថ្មី ដោយការបោះឆ្នោតជ្រើសរើស ជាថ្មីនេះ ត្រូវគេឃើញមានការចូលរួមពីមន្ត្រីមកពីនាយកដ្ឋានភាពយន្ត ពីក្រសួងវប្បធម៌ និងមានការចូលរួមពីម្ចាស់ផលិតកម្មតូចធំ ស្ទើរមិនសល់ផលិតករម្នាក់ ដែលគេចាត់ទុកថា ជាការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនអណ្ណត្តិថ្មីផ្លូវការ។
យោងតាមការប្រកាសរបស់សមាគមភាពយន្តកម្ពុជា បានអះអាងថា ការបោះឆ្នោតផ្លូវការជាថ្មី បានរកឃើញក្បាលម៉ាស៊ីន៣រូប សម្រាប់អណ្ណត្តិថ្មី ដោយលោក ឆាយ បូរ៉ា បានជាប់ជាប្រធាន លោកអ៊ិន សុភិន បានជាប់ជាអនុប្រធាន និងលោកសែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia ជាអគ្គលេខា ដែលនេះជាគឺតំណែងមិនធ្លាប់ទទួលបានរបស់អ្នកទាំំងពីរនៅក្នុងសមាគមមួយនេះ។
លោក អ៊ិន សុភិន ដែលបានជាប់ឆ្នោតជាអនុប្រធានសមាគម បានអះអាងថា ក្រោមការបោះឆ្នោតអោយលោកទទួលបានតំណែងនៅក្នុងសមាគមមួយនេះ លោកនឹងរួមចំណែកដឹកនាំសមាគមអោយមានការរីកចំរើនជាពិសេសគឺការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ដើម្បីអោយមានគុណភាព និងមានការរីកចំរើន។ ក្នុងនោះលោកក៏ត្រៀមបណ្ដុះឯកទេសដល់ផលិតករជំនាន់ក្រោយ ដើម្បីផលិតករដែលជ្រកក្រោមសមាគមហើយចង់ផលិតភាពយន្ត មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងផងដែរ៕ ដោយ-គីម ស្រីរ័ត្ន