ខេត្តកំពត ៖ មន្ត្រីសាលាដំបូងខេត្តកំពត បានអោយដឹងថា លោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ដែលលក់ថ្នាំឫសឈើបុរាណ ហើយមានសារជាតិពុលប ណ្តាលឲ្យពុលមនុស្សស្លាប់ នៅខេត្តកំពតកន្លងមកនេះ ពេលនេះត្រូវបាន លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ។
មន្ត្រីតុលាការថ្លែងឲ្យដឹង កាលពីថ្ងៃទី២២ ខែកុម្ភៈ ថា លោកគ្រូថ្នាំរូបនេះ ត្រូវបាន លោក ខាន់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពត ចោទប្រកាន់ពីបទ”មនុស្សឃាតដោយអចេតនា”តាមមាត្រា២០៧នៃក្រមព្រហ្មទណ្ឌ។
ទាក់ទិនបញ្ហានេះ លោក ជិន សុវណ្ណារិទ្ធ រស់នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ត្រូវជាកូនប្រុស របស់សព ឈ្មោះ សំ វណ្ណា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានធ្វើលិខិតបំភ្លឺមួយច្បាប់បំភ្លឺជូនសាធារណជន ឲ្យបានជ្រាបថា ការស្លាប់ របស់ឪពុក គឺ ដោយសារថ្នាំឫសឈើមានសារធាតុជាតិពុលរបស់ លោកគ្រូ អ៊ឹង ឈាន់ ហៅកៅ ពោល គឺមិនមែនស្លាប់ដោយសារការហូបស្រាក្លែមសត្វឆ្កែ ដូចការផ្សព្វផ្សាយ របស់សារព័ត៌មានមួយចំនួនទេ។
លោក ជិន សុវណ្ណារិទ្ធ បញ្ជាក់ថា លោកគ្រូថ្នាំរូបនេះ បានជិះកង់មកលក់ថ្នាំឫសឈើដល់ផ្ទះលោក ហើយក្រោយមកថ្នាំនេះមានសារជាតិពុលបណ្តាលឲ្យឪពុកស្លាប់ របស់គាត់យ៉ាងអាណោចអាធ័ម៕ ដោយ៖ សុគន្ធ