Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ (Sputnik V) មក​ឲ្យ​កម្ពុជា​នៅពេល​ខាងមុខ​

​ភ្នំពេញ​៖ ក្នុងជំនួប​សំដែង​ការគួរសម​រវាង លោក អាណា​តូ​លី បូ​រ៉ូ​វី​គ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី​របស់​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក អាណា​តូ​លី បូ​រ៉ូ​វី​គ បាន​មានប្រសាសន៍​លើកឡើងថា ប្រទេស​រុស្ស៊ី បាន​មាន​ទំនាក់ទំនង​ការទូត ជាមួយនឹង​ព្រះរាជាណាចក្រ​កម្ពុជា មាន​រយៈពេល​៦៥​ឆ្នាំ​ហើយ ។ ទំនាក់ទំនង​នេះ បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ​។​

​លោក អាណា​តូ​លី បូ​រ៉ូ​វី​គ បាន​បន្តទៀតថា ស្ថានភាព​ជំងឺ​កូ​វីដ ១៩ បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​បណ្ដាល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ក្នុងនោះ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែល​ប្រឈម​នឹង​ជំងឺ​កូ​វីដ ១៩​នេះ​ផងដែរ ។ ប៉ុន្តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​ស្ថានភាព​ជំងឺ​នេះ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពិសេស​គឺ​ការគ្រប់គ្រង​នូវ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​បាន​យ៉ាង​ល្អប្រសើរ​។​

លោក​បន្តទៀតថា ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​នេះ ប្រទេស​រុស្ស៊ី​បង្កើតបាន​វ៉ាក់សាំង (Sputnik V)​ដើម្បី​ចាក់​ការពារ​ជំងឺ​នេះ ហើយ​វ៉ាក់សាំង​នេះ​ប្រទេស​រុស្ស៊ី គ្រោង​នឹង​បញ្ជូនមក​ឲ្យ​ប្រទេស​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ យើង​នឹង​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ដើម្បី​បញ្ជូន​វ៉ាក់សាំង​នេះ​មក​ឲ្យ​កម្ពុជា ។​

ក្នុងជំនួប​សម្ដែង​ការគួរសម​នោះ ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង នៃ​ការ​ចងសម្ព័ន្ធភាព រវាង​ទីក្រុង​ពីរ​របស់​ប្រទេស​រុស្ស៊ី​ជាមួយនឹង​រាជធានី​ភ្នំពេញ​ដែល​នៅ​ក្នុងនោះ គឺ​ទីក្រុង​ម៉ូស្គូ​ចង់ ចងសម្ព័ន្ធ​មេត្រី​ភាពជា​មួយ​រាជធានី​ភ្នំពេញ និង​ទីក្រុង​ណូ​វ៉ូ​ស៊ី​ប៊ី​ស ចងសម្ព័ន្ធ​មេត្រី​ភាពជា​មួយ​និង​រាជធានី​ភ្នំពេញ​ដែរ​។ ប៉ុន្តែ​ដោយ​ស្ថានភាព​កូ​វីដ​១៩ ការចុះហត្ថលេខា​ទៅលើ​ការចង​សម្ព័ន្ធមេត្រីភាព​នេះ​ត្រូវបាន​អូសបន្លាយ​ពេល ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការចុះហត្ថលេខា លើ​អនុសារណៈ​យោគយល់ ស្ដីពី​ការបង្កើត​ចំណងមិត្តភាព​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ទាំងពីរ របស់​ប្រទេស​រុស្ស៊ី​នេះ គ្រោង​នឹងធ្វើ​ឡើង​នៅពេល​ដ៏​ខ្លី​ខាងមុខ ពោលគឺ​ក្រោយពី​ស្ថានភាព​កូ​វីដ​១៩​បាន​ធូរស្រាល​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នោះ ក៏បាន​ថ្លែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រទេស​រុស្ស៊ី ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ជាច្រើន មក​ប្រទេស​កម្ពុជា​ក្រោយ​ឆ្នាំ​១៩៧៩ ។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ រុស្ស៊ី​នៅបាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ថែមទៀត​។ ជាក់ស្តែង​អ្វីដែល​យើង​បានឃើញ​ជាក់ស្តែង​នោះ ប្រទេស​រុស្ស៊ី​បាន​កសាង​មន្ទីរពេទ្យ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ នោះ​គឺ មន្ទីរពេទ្យ​រុស្ស៊ី​ដែល​បាន​បន្សល់​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ ។​

លោក​ឃួ​ង ស្រេង បន្តទៀតថា មន្ទីរពេទ្យ​រុស្ស៊ី នៅ​រាជធានី​ភ្នំពេញ បាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។​

ជាការ​ឆ្លើយតប​ទៅនឹង​អ្វី ដែល​បានលើកឡើង​របស់​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឃួ​ង ស្រេង បាន​ថ្លែង​ការ​អរគុណ​នូវ​សណ្តាន​ចិត្ត ដ៏​ល្អ​របស់​ប្រទេស​រុស្ស៊ី ដែល​គ្រោង​នឹង​បញ្ជូន​វ៉ាក់សាំង​កូ​វីដ​១៩ Sputnik V​មក​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​គឺជា​សណ្តាន​ចិត្ត​ដ៏​ប្រសើរ​បំផុត របស់​ប្រទេស​រុស្ស៊ី ដែល​បាន​គិតគូរ និង​យកចិត្តទុកដាក់ ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ពាក់ព័ន្ធ​នឹង​អ្នកវិនិយោគទុន របស់​ប្រទេស​រុស្ស៊ី​គ្រោង​ថា នឹង​មក​បណ្ដាក់ទុន​រកស៊ី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​បង្កលក្ខណៈ​ងាយស្រួល​គ្រប់យ៉ាង​សម្រាប់​អ្នកវិនិយោគទុន របស់​ប្រទេស​ប្រទេស​រុស្ស៊ី ដែល​ចង់​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា វ៉ាក់សាំង រុស្ស៊ី Sputnik V​បាន​ដំណើរការ ចាក់​ជូន​ពលរដ្ឋ​នៅ​ប្រទេស​រុស្ស៊ី រួចហើយ ក្នុងនោះ ប្រធានាធិបតី​រុស្សី​លោកពូ ទីន ក៏បាន​ចាក់​វ៉ាក់សាំង​នេះ រួចហើយ​ដែរ ។ វ៉ាក់សាំង​រុស្ស៊ី Sputnik V ត្រូវ​ចាក់​ពីរ​ដូ​សមាន​ប្រសិទ្ធភាព ៩២ ភាគរយ រក្សាទុក​ក្នុង​សីតុណ្ហភាព​ទូទឹកកក​ធម្មតា ដែលមាន​តម្លៃ​ប្រហែល ១០ ដុល្លារ​ក្នុង​មួយ​ដូ​ស ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×